ស្រូវសែនក្រអូបចាប់ផ្តើមប្រមូលផលជាមួយតម្លៃខ្ពស់
| ព័ត៌មានជាតិ
SHARE

ការប្រមូលផលស្រូវសែនក្រអូប ចាប់ផ្តើមជាបណ្តើរៗ ហើយ ការប្រមូលផលពេញបន្ទុកនៅក្រោយពេលការបោះឆ្នោត។ នេះបើយោងតាមការអះអាងរបស់អ្នកប្រកបអាជីវកម្មរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ធំ និង បាត់ដំបង។
ម្ចាស់រោងម៉ាស៊ីនដែលមានមូលដ្ឋាននៅស្រុកថ្មគោល ខេត្តបាត់ដំបង បានអះអាងថា តម្លៃស្រូវសែនក្រអូបក្នុងពេលប្រមូលផលដើមរដូវនេះមានតម្លៃ១១៧០រៀល (៩.៥ ទៅ ៩.៦ បាត) ក្នុងមួយគីឡូក្រាម។ តម្លៃនេះប្រសើរជាងឆ្នាំកន្លងទៅដែលមានតម្លៃប្រមាណ១០០០រៀលក្នុងមួយគីឡូក្រាម។

ម្ចាស់រោងម៉ាស៊ីនម្នាក់ទៀតក្នុងខេត្តកំពង់ធំ ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ស្រូវសែនក្រអូបកំពុងតែទុំ និង ប្រមូលផលបណ្តើរៗហើយ ប៉ុន្តែរោងម៉ាស៊ីនខ្លះមិនទាន់ប្រមូលទិញនោះទេ ដោយរង់ចាំរហូតដល់បោះឆ្នោតរួច។
តាមការអះអាងរបស់ម្ចាស់រោងម៉ាស៊ីនរូបនោះ តម្លៃស្រូវសែនក្រអូបក្នុងខេត្តកំពង់ធំ គឺដូចគ្នានឹងតម្លៃស្រូវក្នុងខេត្តបាត់ដំបងសម្រាប់ការចាប់ផ្តើមប្រមូលផលក្នុងរដូវកាលនេះ។

ម្ចាស់រោងម៉ាស៊ីនទាំងពីរខេត្តខាងលើ បានអះអាងថា តម្លៃនេះបានធ្វើឲ្យកសិករអាចរកប្រាក់ចំណេញពីការបង្កបង្កើនផលស្រូវបាន ហើយ ចរន្តទីផ្សារក្នុងនៅល្អដែលមិនទាន់មានបញ្ហាអ្វីដែលប្រែប្រួលគួរឲ្យកត់សំគាល់នោះទេ។
នៅក្នុងពេលនេះឈ្មួញរបស់វៀតណាមមិនទាន់ចុះមកប្រមូលទិញនៅឡើយទេ ហើយ ទំនងជារង់ចាំរហូតដល់ការបោះឆ្នោតនៅប្រទេសកម្ពុជាចប់សព្វគ្រប់។
អ្នកនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិរំពឹងថា ការនាំចេញអង្ករពីប្រទេសកម្ពុជានឹងហក់ឡើងវិញនៅខែ៧នេះ ដោយសារការប្រមូលផលស្រូវថ្មី មានបរិមាណច្រើន និង មានតម្លៃថោកជាងស្រូវកាលពីរដូវប្រាំង។

កន្លងមកដើម្បីលើកកំពស់ការផលិត ស្រូវ និងកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ តាមរយៈគម្រោងជំរុញផលិតកម្មស្បៀងរាជរដ្ឋាភិបាលបានជួយឧបត្ថម្ភធនលើតម្លៃពូជស្រូវសម្រាប់ ប្រ ជាកសិករប្រមាណ ១០០០រៀលក្នុ១គីឡូក្រាម មានន័យថា ប្រសិនអ្នកផលិតពូជស្រូវលក់ក្នុងតម្លៃ ៣០០០ រៀល ក្នុង១គីឡូ គឺរដ្ឋជួយចេញថ្លៃ១០០០ រៀល ហើយកសិករចេញតែ ២០០០ រៀលទេ។
តាមរយៈដំណោះស្រាយនេះរាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ បានដោះស្រាយបានប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាតំលៃស្រូវលក់តាមតំលៃទីផ្សារ ក្នុងនោះតំលៃពីចន្លោះ ១១៥០រៀល ទៅ១២០០រៀលក្នុងមួយគីឡូក្រាមក្នុងពេលបច្ចុប្បន្ននេះ៕


អត្ថបទ ៖ រ៉ាន់ រើយ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation