មជ្ឈដ្ឋានទូទៅដែលបានមកដល់ខេត្តរតនគិរី ប្រាកដជាសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរបស់ខេត្តមួយនេះ
| ព័ត៌មានជាតិ
SHARE

(រតនគិរី)៖ ប្រជាជនកម្ពុជា ដែលបានមកដល់ទឹកដីខេត្តរតនគិរី ក្នុងតំបន់ភូមិភាគឦសាននាពេលបច្ចុប្បន្ននេះ ប្រាកដជាកោតសរសើរចំពោះការអភិវឌ្ឍ និងភាពរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កសិកម្ម ទេសចរណ៍ ព្រមទាំងការរៀបចំភ្លើងបំភ្លឺក្នុងក្រុងបានលុងនាពេលរាត្រី រួមទាំងវិស័យសំណង់អាគារខ្ពស់ៗ ផ្សារទំនើប Minimart និង Sky Bar ចំនួន ២កន្លែងផងដែរ។

ហើយបើរំឭកពីអតីតកាលខេត្តមួយនេះ គឺស្ថិតនៅឆ្ងាយណាស់ពីរាជធានីភ្នំពេញ ដែលមានប្រវែងចម្ងាយប្រមាណជា ៥៨៨ គីឡូម៉ែត្រ ដោយសារតែគ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គមនាគមន៍ ប៉ុន្តែបច្ចុប្បន្នខេត្តមួយនេះ បានប្រែមុខមាត់ថ្មី ខុសប្លែកពីអតីតកាល បានធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរ និងបងប្អូនជនជាតិដើមភាគតិចនៅទីនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ទាំងនេះសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ រួមទាំងសមិទ្ធផលជាច្រើនថែមទៀត។


ក្នុងន័យនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តរតនគិរី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានយកជីវិតទៅប្តូរយកសន្តិភាពជូនជាតិ មាតុភូមិ ដោយសម្តេចបានខិតខំ និងលះបង់គ្រប់បែបយ៉ាងដើម្បីធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ។

ការថ្លែងដូចនេះរបស់ ឯកឧត្តម លី ធុជ គឺបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងខេត្តរតនគិរី ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងនៅមន្ទីរបក្សខេត្ត នាថ្ងៃទី២៥ ខែកក្កដានេះ។

ទន្ទឹមនឹងការលើកឡើងអំពីសន្តិភាព និងការអភិវឌ្ឍ ក្រុមការងារចុះជួយខេត្តរតនគិរីរូបនេះ ក៏បានលើកឡើងអំពីសុខទុក្ខ និងរាល់ការសំណូមពររបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋជាអាទិភាព។


ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា រាល់ការសំណូមពររបស់ពលរដ្ឋ ក្រុមការងាររបស់ឯកឧត្តម ដែលចុះមកជួយខេត្តរតនគិរី ក៏ដូចជារូបឯកឧត្តមផ្ទាល់ ពុំដែលព្រងើយកន្តើយនោះទេ គឺតែងតែទទួលយករាល់ការស្នើ និងសំណូមរបស់ប្រជាពលរដ្ឋ យកមកពិភាក្សា និងសិក្សាមើលអំពីស្ថានភាពផ្ទាល់ ដើម្បីដោះស្រាយទៅតាមដំណាក់កាល៕ (អត្ថបទ៖ ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation