រដ្ឋបាលរាជធានីភ្នំពេញ៖ កម្លាំងនគរបាលជាង៦ពាន់នាក់ត្រូវបានដាក់ពង្រាយមុននិងក្រោយថ្ងៃបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ ដាក់កងកម្លាំងនគរបាលជាង៦.៥០០នាក់ ដើម្បីការពារ សន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅ ថ្ងៃ បោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត នីតិកាលទី៦ នៃរដ្ឋសភា។

មានប្រសាសន៍ឲ្យដឹងក្នុងពិធីជួបជុំកម្លាំងនគរបាលចំនួន៤.៦២៥នាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា នៅថ្ងៃទី២៩ ខែកក្ដដានេះគឺជាតំណាក់ដ៏មានសារៈសំខាន់បំផុតនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលរាជធានីភ្នំពេញ ត្រូវធានាឲ្យបានកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពទាំងស្រុង សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានល្អប្រសើរ និងទទួលបានជោគជ័យតាមការគ្រោងទុក។

ឯកឧត្តម បន្តថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ពួកគេបានប្តេជ្ញាចិត្តខ្ពស់ រួមគ្នាសម្រេចឲ្យបានការងារការពារ ជាអាទិភាព ដូចជាទប់ស្កាត់ឲ្យបានរាល់អំពើភេរវកម្ម និងការបង្កចលាចលនយោបាយផ្សេងៗ មិនឲ្យកើតមានក្នុងរាជធានីភ្នំពេញ ព្រមទាំងកាត់បន្ថយបទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ ឲ្យថយចុះក្នុងកម្រិតទាបបំផុត ដើម្បីធានាឲ្យមានស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ចាប់ពីពេលនេះរហូតដល់ដំណើរបោះឆ្នោតចប់ជាស្ថាពរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យដឹងថា កងកម្លាំងនគរបាលទាំងអស់ មាន៦.៥០៤នាក់ គឺមកពីអធិការដ្ឋាននគរបាលនៃខណ្ឌទាំង១២និងកម្លាំងមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ឯកឧត្តមបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសេនាធិការ ជូនគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំផែនការការពារ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

សូមជម្រាបថា កងកម្លាំងនគរបាលទាំង ៦.៥០៤នាក់ ត្រូវបានបែងចែកកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោតចំនួន១.២៥៥នាក់, កម្លាំងការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត មានចំនួន៤.៥០៥នាក់, កម្លាំងត្រៀមអន្តរាគមន៍ចល័តការពារភូមិសាស្ត្រខាងក្រៅមានចំនួន៤៨០នាក់ និងកម្លាំងវិទ្យុទាក់ទង ចំនួន២៦៤នាក់៕ (អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation