អភិបាលរាជធានីជំរុញឱ្យឱសថការីបង្កើនចំណេះដឹងនិងការយកចិត្តទុកដាក់ពីសុខភាពប្រជាជន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ កក្កដានេះ សមាគមអ្នកលក់ឱសថកម្ពុជា សហការបច្ចេកទេស ជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការគាំទ្រពីរដ្ឋបាល រាជធានីភ្នំពេញ និង ក្រសួងសុខាភិបាល បានរៀបចំឱ្យមានការបណ្តុះបណ្តាល មូលដ្ឋាន សម្រាប់អ្នកលក់ឱសថ តាមឱសថស្ថាន ដើម្បីបង្កើននូវចំណេះ ដឹងដល់អ្នកលក់ឱសថ ក្នុងការធានា បាននូវ គុណភាព ប្រសិទ្ធភាព និង សុខុមាលភាពប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍នៅក្នុងពិធីនោះថា នៅមានអ្នកលក់ឱសថ មួយចំនួនមិនទាន់មានចំណេះដឹង គ្រប់គ្រាន់នៅឡើយ ទាមទារឱ្យមានការយកចិត្តទុកដាក់ បង្កើនចំណេះដឹងបន្ថែមពីអ្នកពាក់ព័ន្ធ ព្រោះថា ឱសថជាអាវុធមុខពីរ ប្រើប្រាស់មិនត្រូវវានឹងធ្វើឱ្យមនុស្សស្លាប់។ ឯកឧត្តម អភិបាល សុំឱ្យអ្នកលក់ឱសថនៅកម្ពុជាទាំងអស់ យកចិត្តទុកដាក់ពីសុខភាពប្រជាជន ពិសេស អ្នកជំងឺ ដើម្បីឱ្យគាត់ចំណាយថវិកា ហើយទទួលបាននូវសុខភាពល្អប្រសើរឡើងវិញ។

ឯកឧត្តមបន្ថែមថា ការផ្តល់នូវការបណ្តុះបណ្តាល និង ការប្រគល់នូវវិញ្ញាបនបត្រនៅថ្ងៃនេះ ក៏ជាការបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ក្នុងការជំរុញ និងបង្កើនចំណេះដឹងលើផ្នែកឱសថ ដើម្បីធានានូវគុណភាព សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា សិក្ខាកាមដែលជាឱសថការី បានទទួលការបណ្តុះបណ្តាលកម្រិតមូលដ្ឋាន នូវចំណេះដឹងផ្នែកឱសថការី និងទទួលវិញ្ញាបនបត្រ នៅថ្ងៃនេះមានចំនួន៧០៣នាក់ ក្នុងនោះស្រី៤៤៣នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១០ខែ គិតចាប់ពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៨ នៅសមាគមអ្នកលក់ឱសថកម្ពុជា លើមុខវិជ្ជា វេជ្ជសាស្រ្ត និងឱសថសាស្រ្ត៕ (អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation