ទឹកជំនន់ពីប្រទេសលាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា មកដល់វេលាព្រឹកព្រលឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសលាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្រសួងបន្ថែមថា ជាមួយគ្នានេះ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម. (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម.) ។ អាជ្ញាធរខេត្ត បាន និងកំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

សូមជម្រាបថា ទំបន់វារីអគ្គិសនីសេពាន សេណាំណយ ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសលាវពោលគឺភាគខាងត្បូងឈាងខាងកើតនឹងជាប់ព្រំដែនខេត្តស្ទឹងត្រែងព្រមទាំងខេត្តរតនៈគិរី ភាគឦសាននៃប្រទេសកម្ពុជា បានបាក់ ហើយបណ្តាលឲ្យពលរដ្ឋក្នុងតំបន់ជាច្រើនរយនាក់ស្លាប់និងកំពុងបាត់ខ្លួន។

ផ្អែកតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុកលាវបានឲ្យដឹងថា ទំបន់សេពាន សេណាំណយ ស្ថិតក្នុងខេត្តអាត់តាពើ បានបាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍មកម៉្លេះ ដែលបណ្តាលឲ្យសន្ទុះទឹកហូរយ៉ាងខ្លាំងលិចផ្ទះប្រជាពលរដ្ឋជាច្រើន ដែលបច្ចុប្បន្ន មនុស្សប្រមាណ ៦.៦០០នាក់បាត់បង់ជម្រកស្នាក់នៅ។

តាមរយៈសារព័ត៌មានក្នុងស្រុកប្រទេសលាវនិងក្រុមហ៊ុនដែលសាងសង់ទំនប់នេះបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យបាក់ទំបន់សេពាន សេណាំណយនេះគឺទំនប់នេះរងសំពាធភ្លៀងខ្លាំងព្រមទាំងជំនន់ទឹកភ្លៀងផងនោះ ទើបធ្វើឲ្យមិនអាចរងសំពាធកម្លាំងទឹកច្រើនហួសប្រមាណ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation