រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តកំពតចុះពិនិត្យស្ថាន ភាពស្ពានក្រោយពីរងការខូចខាតដោយទឹកជំនន់នៅក្នុងឃុំស្ទឹងកែវស្រុកទឹកឈូខេត្តកំពត ​
| ព័ត៌មានជាតិ
SHARE

(កំពត)៖  នៅរសៀលថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០១៨ ឯកឧត្តម អ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទរួមនឹងប្រតិភូក្រសួងសាមីនិងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតព្រមទាំងមន្ត្រីនៃមន្ទីរពាក់ព័ន្ធក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្វែងយល់នូវ ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានដែលរងផលប៉ះពាល់ខូចខាតដោយទឹកជំនន់វាយប្រហារក្នុងខែកក្កដាថ្មីៗនេះស្ថិតនៅក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូខេត្តកំពត ជាពិសេសស្ពាន ចំនួន២ ដែលរងការខូចខាតនៅក្នុងឃុំស្ទឹងកែវនេះ។


តាមការឲ្យដឹងពីអាជ្ញាធរឃុំបញ្ជាក់ថា ស្ពានទាំងពីរខាងលើនេះ ទី១-គឺហៅថាស្ពានស្ទឹងកែវ ដោយឆ្លងកាត់ពីភូមិដូងនិងភូមិអន្លង់ម៉ាក់ប្រាង្គ មានប្រវែងជាង៩០ម៉ែត្រ និងមានមាត់ស្ទឹងប្រមាណជាង៥០ម៉ែត្រ ស្ពានទី២-មានប្រវែងប្រហាក់ប្រហែលគ្នាស្ថិតនៅភូមិម៉ាក់ប្រាង្គដដែលនិងឆ្លងទៅភូមិម្លេចគល់។


នៅរយៈពេលកន្លងមកស្ពានទាំងពីរនេះធ្វើពីឈើកម្រាលបន្ទះក្ដារ តែងបានជួយសម្រួលនិងបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចប្រជាពលរដ្ឋទូទៅឆ្លងកាត់ទាំងការចេញចូលទៅធ្វើស្រែចម្ការនិងដឹកកសិផល ពិសេសស្ពានស្ទឹងកែវអាចឆ្លងកាត់ធ្វើដំណើរបានរហ័សទៅដល់តំបន់មជ្ឈមណ្ឌលអភិវឌ្ឍន៍៣១៧កោះស្លារហូតដល់ផ្លូវជាតិលេខ៤ថែមទៀតផងដែរ។

នៅក្នុងឱកាសនៃការចុះដល់ទីតាំងជាក់ស្ដែង និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធជនបទ ពិសេសស្ពាន ផ្លូវ គឺជាការងារអាទិភាពមួយផងដែរដែលរាជរដ្ឋាភិបាលកម្ពុជាយើងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែបានយកចិត្តទុកដាក់ អភិវឌ្ឍន៍យ៉ាងខ្លាំង នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ។ ដូច្នេះ ដោយពិនិត្យឃើញ ពីតម្រូវការនៃសារៈសំខាន់និងភាពចាំបាច់បម្រើឲ្យផលប្រយោជន៍និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ក៏បានបញ្ជាក់ថានឹងចាត់បញ្ជូនមន្ត្រីជំនាញឲ្យចុះមកសិក្សាវាយតម្លៃគម្រោងដើម្បីដាក់សំណើជូន ប្រមុខរាជរដ្ឋាភិបាលសម្រេចឲ្យបានឆាប់សម្រាប់ដំណើរការសាងសង់នៅពេលខ្លីខាងមុខនេះ។


ជាមួយឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា បើទោះបីនៅក្នុងដំណាក់កាលនេះស្ពានស្ទឹងកែវនេះមិនទាន់បានដំណើរសាងសង់នៅឡើយក៏ពិតមែន ប៉ុន្តែឯកឧត្តមអភិបាលខេត្តនឹងខិតខំជំរុញធ្វើឲ្យមានការជួសជុលស្ពាននេះឡើងវិញឲ្យបានឆាប់ដើម្បី សម្រួលដល់ការឆ្លងកាត់បណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋដែលជាការចាំបាច់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមជាវ តាយក៏បានជួយ ជាថវិកា សម្រាប់ជាកម្លាំងពលកម្ម ដល់ប្រជាពលរដ្ឋកំពុងចាប់ផ្ដើមជួសជុលស្ពានមួយកន្លែងឡើងវិញ ដែលស្ថិតនៅក្នុងភូមិម៉ាក់ប្រាង្គឆ្លងមកភូមិម្លេចគង់ផងដែរ៕ (អត្ថបទ៖ ប៉ៃ សុឃីម)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation