មន្រ្តីជាន់ខ្ពស់ថ្នាក់ជាតិជំរុញឲ្យពលរដ្ឋក្នុងខេត្តរតនគិរីបង្កើនការប្រុងប្រយ័ត្នចំពោះសុខុមាលភាព ខណៈទឹកកំពុងជន់លិច
| ព័ត៌មានជាតិ
SHARE

(រតនគិរី) ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងទន្លេ និងតំបន់មួយចំនួនទៀតក្នុងខេត្តរតនគិរី ដែលរងគ្រោះដោយទឹកជន់លិចនោះ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខុមាលភាពជាចម្បង ដោយត្រូវអនុវត្តន៍ឲ្យបាននូវអនាម័យជាប់ជានិច្ច ដើម្បីចៀសវាង និងបង្កឲ្យកើតមាននូវជំងឺរាតត្បាតណាមួយកើតឡើង។

ការលើកឡើងដូចនេះរបស់ ឯកឧត្តម លី ធុជ គឺបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម រួមជាមួយ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ព្រមទាំងប្រធាន អនុប្រធាន​មន្ទីរ​ជំនាញពាក់ព័ន្ធមួយចំនួនទៀត និងបានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេ និង​នាំយកអំណោយសង្គ្រោះបឋមដែលមានដូចជា តង់កៅស៊ូ ចំនួន ៣២ដុំ រួមទាំ មី ត្រីខ ចំនួន ៨០កញ្ចប់ផ្សេងទៀតរបស់សាខាកាកបាទក្រហមខេត្ត​ ផ្តល់ជូន​ដល់អាជ្ញា​ធរស្រុកវ៉ឺនសៃ​ សម្រាប់ធ្វើការយកទៅបែងចែកជូនប្រជាពលរដ្ឋចំនួន ២៦ គ្រួសារ ស្ថិតក្នុងឃុំចំនួន៣ គឺឃុំកាចូន ឃុំភ្នំកុក និងឃុំប៉ុង។​

ថ្លែងក្នុងឱកាសនោះទៀតដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន រួមទាំងបណ្តាអង្គភាពពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ពិនិត្យ និងសិក្សាអំពីស្ថានភាពកម្ពស់ទឹក ខណៈដែលមេឃនៅតែបន្តធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃដូចនេះ និងត្រូវត្រៀមវិធានការទប់ស្កាត់ និងមធ្យោបាយសង្គ្រោះ ដើម្បីត្រៀមអន្តរាគមន៍ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមាននូវគ្រោះអាសន្នណាមួយជាយថាហេតុឲ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ម្សិលមិញនេះ​ កម្ពស់ទឹក​ទន្លេបានហក់ឡើង​ដល់កម្ពស់ ៩,៥៧ ម៉ែត្រ ខណៈដែលចំណុចប្រកាសអាសន្នត្រឹម ៨,០០ ម៉ែត្រ​៕ (អត្ថបទ៖ ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation