សម្តេចក្រឡាហោម ដឹកនាំពិធីបួងសួងសុំសេចក្តីសុខចម្រើនមុនឱកាសពិធីបុណ្យចូលព្រះវស្សាមកដល់
| ព័ត៌មានជាតិ
SHARE

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបាត់ដំបង បានដឹកនាំក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថា្នក់ ដើម្បីប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើននិងប្រោះព្រំ ទឹកសុគន្ធវារី ដល់មនុស្សចាស់ ចាស់ព្រឹទ្ធាចារ្យនិងប្រជាពលរដ្ឋនៅក្នុងស្រុកបាណន់ ដែលពិធីបួងសួងនេះបានធ្វើឡើងនៅចំពីមុខប្រាង្គប្រាសាទភ្នំបាណន់ ស្ថិតក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង មុននឹងពិធីបុណ្យចូលព្រះវស្សាដែលនឹងជិតឈានចូលមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។


សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ពិធីបួងសួងដែលប្រារព្ធធ្វើឡើងនាពេលនេះ គឺបានកើតឡើងដោយការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធ្វើការសំបូងសង្រូងដល់ម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រឹក្សព្រៃ និងបារមីរក្សាព្រៃភ្នំ ក្រំថ្ម ជាពិសេសបុព្វការីជន ដែលបានចែកឋានរំលាយខន្ធ នៅថែរក្សាប្រាង្គប្រាសាទភ្នំបាណន់ សូមបីបាច់ថែរក្សាដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ជួបនូវសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នា ជាពិសេសនៅក្នុងឆ្នាំនេះសូមបង្អុរទឹកភ្លៀងឲ្យបានគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ កុំឲ្យមានជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ទឹកជំនន់ជាដើម ដើម្បីឲ្យទិន្នផលកសិកម្មរបស់ជាប្រជាកសិករបានកើនឡើងទ្វេដង ក្នុងការចិញ្ចឹមជីវិតរស់នៅកាន់តែមានភាពធូរធារ ក៏ដូចជាបង្កើននូវសេដ្ឋកិច្ចគ្រួសារ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ។


ក្នុងឱកាសនៃពិធីបួងសួងនេះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការប្រោះព្រំទឹកសុគន្ធវារីដល់មនុស្សចាស់ ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបួងសួងនេះគ្រប់ៗគ្នា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើង បានរួចផុតពីគ្រោះកាចចង្រៃ និងជំងឺដង្កាត់ផ្សេងៗ។

សូមបញ្ជាក់ថា នៅសល់ត្រឹមតែរយៈពេល៤ថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃបុណ្យចូលព្រះវស្សា ដែលមានរយៈពេលរហូតដល់៣ខែគឺចាប់ពីថ្ងៃ១រោជ ខែទុទិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំច ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ៕(អត្ថបទ៖ឡាច សុគន្ធារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation