ព័ត៌មានជាតិ

ចំនួនអ្នកពុលស្រាស បន្តកើនឡើងដល់១០១នាក់ និងស្លាប់ចំនួន ៤នាក់

image

អត្ថបទ៖ ហឹង ចូច  

កំពង់ឆ្នាំង៖ មកដល់វេលាម៉ោង១០ និង៣០នាទីនេះ អ្នកជំងឺដែលសង្ស័យថា ពុលស្រាសចំនួន ៣៥នាក់បន្ថែមទៀតបានបញ្ជូនពីស្រុកទឹកផុស មកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលចំនួននេះបានកើនឡើងដល់ទៅ១០១នាក់ហើយ នៃករណីសង្ស័យថាពុលស្រាស។ នេះបើតាមការបញ្ជាក់ពីលោក ហុក គឹមចេង អគ្គនាយក បច្ចេកទេស នៃក្រសួងសុខាភិបាល។

លោកបានបញ្ជាក់ថា អ្នកដែលសង្ស័យថា ពុលស្រាស ៣៥នាក់បន្ថែមទៀត ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងនោះមានអាការៈធ្ងន់ចំនួន ៣នាក់ និងត្រៀបញ្ជូនទៅសង្រ្គោះនៅភ្នំពេញផងដែរ។ 

លោកបន្តថា ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្ត និងមន្រ្តីនៃមន្ទីរសុខាភិបាល ជាមួយក្រសួងសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងបានយកវត្ថុវិភាគមួយចំនួនមានស្រាស និង ស្រាថ្នាំ យកមកធ្វើវិភាគ នៅភ្នំពេញហើយ។

លោកបានសំណូមពរឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់បញ្ឈប់ការហូបស្រាស ពីព្រោះពេលនេះកំពុងតែកើតឡើងករណីពុល ដែលខាងជំនាញបច្ចេកទេស កំពុងតែដាក់សង្ស័យទៅលើស្រាសនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំជៀប និង អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានអាការៈឈឺក្បាល វិលមុខ និងក្អួតចង្អោរជាខ្លាំង ហើយត្រូវបានដឹកមកសង្រ្គោះជាបន្ទាប់មកមន្ទីរពេទ្យបង្អែកខេត្ត ជាបន្តបន្ទាប់ ដែលករណីនេះ បានដាក់ការសង្ស័យថា ប្រជាពលរដ្ឋពុលទាំងនោះពុលស្រា ដោយសារពួកគាត់បានផឹកស្រាស និងស្រាថ្នាំ ដែលគេលក់នៅក្នុងភូមិ៕