រាជរដ្ឋាភិបាលកម្ពុជា កំណត់គោលដៅនាំចេញម្សៅដំឡូងមីចំនួន ៥០ម៉ឺនតោន នៅត្រឹមឆ្នាំ ២០២៣
| ព័ត៌មានជាតិ
SHARE

ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល បានកំណត់គោលដៅនាំចេញម្សៅដំឡូងមីចំនួន ៥០ម៉ឺនតោន ទាំងម្សៅកែច្នៃ និងមិនទាន់កែច្នៃ ទៅកាន់ទីផ្សារចម្រុះ ជាពិសេសប្រទេស ចិនដែលជាទីផ្សារមានតម្រូវការដំឡូងមីខ្ពស់នៅក្នុងពិភពលោក។

យោងតាមរបាយការណ៍គោលនយោបាយដំឡូងមីសម្រាប់ឆ្នាំ ២០១៨-២០២២ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងដាក់ទីតាំងកម្ពុជាជាមជ្ឈមណ្ឌលនៃឧស្សាហកម្មកែច្នៃ ដំឡូងមី និងជាអ្នកផ្គត់ផ្គង់ផលិតដំឡូងមី ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារសកលលោក។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានលើកកម្ពស់ការប្រើប្រាស់អនុផល និងសំណល់ដំឡូងមី សម្រាប់ចំណីសត្វ និងជី ជាធាតុចូលដែលមានតម្លៃថោកសម្រាប់កសិករកម្ពុជា។

ដើម្បីសម្រេចបានគោលដៅនាំចេញដំឡូងមីនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣គឺ៖

១. ផ្លាស់ប្តូរពីផលិតកម្មដំឡូងមីតាមលក្ខណៈគ្រួសារ ទៅជាផលិតកម្មបែបពាណិជ្ជកម្ម ដែលកសិករនឹងទទួលបានផលចំណេញច្រើនជាង ក្នុងការបង្កើនប្រាក់ចំណូល ក្នុងបរិបទតម្លៃ ការប្រើប្រាស់ដីប្រកបដោយនិរន្តភាព និងកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ។

២. គាំទ្រដល់អ្នកសកម្មកែច្នៃផលិតផលដំឡូងមី និងទាក់ទាញការវិនិយោគ ដើម្បីបង្កើតផលិតផលផ្អែកលើដំឡូងមីដែលមានតម្លៃបន្ថែមដើម្បីផ្គត់ផ្គង់ដល់ទីផ្សារចម្រុះ។

៣. បង្កើនការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរពីការទទួលបាននូលទ្ធភាពទីផ្សារ ទៅរកវត្តមានទីផ្សារ ការធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយចំណាយពាក់ព័ន្ធនឹងពាណិជ្ជកម្ម។

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃតំបន់ដាំដុះដំឡូងមី ក្នុងទសវត្សរ៍ចុងក្រោយនេះ បានធ្វើឲ្យដំ ឡូងមីក្លាយជាដំណាំសក្តានុពលធំបំផុតទីពីរ បន្ទាប់ពីដំណាំស្រូវនៅក្នុងប្រទេស ដែលបានដាំដុះនៅលើផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតា និងផ្តល់ទិន្នផលសរុបជាង ១៣លានតោន ក្នុងមួយឆ្នាំ ហើយវាត្រូវបានប៉ាន់ប្រមាណថា នឹងរួមចំណែករវាង ៣%ទៅ ៤% នៃផលិត ផលក្នុងស្រុកសរុប។

ប្រទេសកម្ពុជា បាននាំចេញចំណិតដំឡូងមីក្រៀម និងដំឡូងមីស្រស់ចន្លោះពីជាង ២ទៅ ៣លានតោន ទៅកាន់ទីផ្សារក្រៅប្រទេស និងទាញយកចំណូលប្រហែល ៧២៨លានដុល្លារ ក្នុងមួយឆ្នាំៗ ខណៈដែលការចំណាយលើការដាំដុះមានប្រ ហែល ៣០០លានដុល្លារ ជារៀងរាល់ឆ្នាំ។ ភាគច្រើនការនាំចេញដំឡូងមីទៅកាន់ប្រ ទេសថៃ និងវៀតណាម ចំណែកទីផ្សារចិនមានចំនួនតិចតួចប៉ុណ្ណោះ។

បច្ចុប្បន្នកម្ពុជា មានរោងចក្រកែច្នៃម្សៅមីចំនួន ៥ក្នុងចំណោម ១០រោងចក្រ ដែលកំពុងប្រតិ បត្តិការ ខណៈដែលមានរោងមានរោងចក្រថ្មីមួយទៀតកំពុងដំណើរការរៀបចំ។ ជាមួយគ្នានេះ ក៏មានរោងចក្រចម្រាញ់អេតាណុលចេញពីផលិតផលដំឡូងមីចំនួន ២នៅជិតទីក្រុងភ្នំពេញបានប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕ (អត្ថបទ៖ សៀម ប៊ុនធី)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation