កម្ពុជាកំពុងជំរុញផែនការអភិវឌ្ឍន៍វិស័យកម្ម ដើម្បីរក្សាបានកំណើនវិស័យនេះ​
| ព័ត៌មានជាតិ
SHARE

ក្រសួងកសិកម្មបង្ហាញថា វិស័យកសិកម្មទាំងមូលរបស់កម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារប្រសិទ្ធភាពនៃគោលនយោបាយជំរុញផលិត កម្មដំណាំកសិកម្ម របស់រាជរដ្ឋាភិបាល និងការកើនឡើងនៃការពង្រីកផ្ទៃដីដាំដុះ។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ឆ្នាំ២០១៦ កំណើនវិស័យកសិកម្មទាំងមូលមានប្រមាណជិត ៣% ហើយការរួមចំណែករបស់វិស័យកសិកម្មក្នុងសេដ្ឋកិច្ចជាតិមានចំនួន ២៦,៣០% ដែលក្នុងនោះអនុវិស័យដំណាំមានចំនួន១៤,៦០% នៃផលិតផលក្នុងស្រុកសរុប ឬស្មើនឹង ៦២,៣៩% នៃចំណែកវិស័យកសិកម្មទាំងមូលក្នុងសេដ្ឋកិច្ចជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា តាមការប៉ាន់ស្មានផលិតកម្មដំណាំកសិកម្មក្នុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ កន្លងទៅនេះ ឃើញថា ផ្ទៃដី ដាំដុះស្រូវអាចសម្រេចបានចំនួនជាង ៣,១៨លានហិកតា មានកំណើន១,៩% ទិន្នផលស្រូវអាចទទួលបាន ៣២៨៧តោន/ហិកតា មានកំណើន ២,៣៦% បរិមាណផលស្រូវទទួលបានជិត ១០,៥លានតោន មានកំណើន៤,៥២% និងអតិរេកស្បៀងគិតជាអង្ករមានចំនួន៣,៥លានតោន មានកំណើន ៧% ធៀបឆ្នាំ២០១៦ និង២០១៧។

ចំណែក ផលិតកម្មដំណាំរួមផ្សំ (ពោត ដំឡូងមី ដំឡូងជ្វា បន្លែ និងសណ្តែកបាយ) កើនឡើងប្រមាណជា១៩,៨៤%។ រីឯការនាំចេញផលិតផលកសិកម្មមាននិន្នាការកើនឡើងជាលំដាប់ ហើយមានសន្ទុះខ្លាំងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ។

ទោះយ៉ាងណាក៏ដោយ ការប្រកួតប្រជែងក្នុងវិស័យកសិកម្មនេះនៅមានបញ្ហាប្រឈមនៅឡើយ បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់ ដែលបញ្ហានេះកំពុងតែធ្វើការដោះស្រាយជាបន្តបន្ទាប់រួមមាន៖
1) កំពុងពង្រឹងសមត្ថភាពក្នុងការបង្កើតឡើងខ្សែចង្វាក់ផលិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការបញ្ជាទិញរួមទាំងបច្ចេកទេសដាំដុះឲ្យកាន់តែល្អឡើង ទាំងការគ្រប់គ្រងដី និងទឹក ហើយ និងគ្រាប់ពូជស្រូវដែលមានគុណភាពល្អ និងសុទ្ធ
2) ជំរុញលើការបង្កើនដើមទុនបង្វិលសម្រាប់ទិញស្រូវយកទៅកែច្នៃ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុក និងឡសម្ងួត
3) ជំរុញការបង្កើនដើមទុនក្នុងការធ្វើទំនើបកម្មកសិកម្ម ក្នុងបរិបទថ្មីនៃសេចក្តីត្រូវការទីផ្សារ និងការជំរុញកំណើនសេដ្ឋកិច្ចនៅជនបទ
4) កំពុងធ្វើឲ្យប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធក្នុងការបម្រើដល់ការកែឆ្នៃ និងវិចខ្ចប់ ជាពិសេស គឺភ្លើងអគ្គិសនី និងសេវាដឹកជញ្ជូនសម្រាប់បម្រើការនាំចេញអង្ករ ទៅកាន់ទីផ្សារនៅដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការប្រគួតប្រជែងជាមួយប្រទេសខាង
5) ជំរុញឲ្យកសិករដាំដុះស្រូវដោយប្រើប្រាស់ពូជមានគុណភាពល្អ ព្រមទាំងផ្សព្វផ្សាយឲ្យកសិករចេះទុកដាក់ពូជស្រូវ
6) អ្នកជំនាញបានពិនិត្យឃើញថានៅឆ្នាំ២០១៥ កន្លងទៅការផ្គត់ផ្គង់គ្រាប់ពូជស្រូវមានគុណភាពល្អមានប្រមាណជា ៣៨ ៥០០តោនប៉ុណ្ណោះក្នុងមួយឆ្នាំ ដូច្នេះនៅឆ្នាំ២០២០ តម្រូវការគ្រាប់ពូជស្រូវក្រអូបមានគុណភាពល្អក្នុងការផលិត អាចកើនឡើងចំនួន ៥០ ០០០តោនក្នុងមួយឆ្នាំ៕ (អត្ថបទ៖ សៀម ប៊ុនធី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation