ព័ត៌មានជាតិ

រដ្ឋមន្ត្រីកិច្ចការនារី ស្នជប៉ុន ជួយបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី ដើម្បីបង្កើនសមត្ថភាពសហគ្រិនស្ត្រី នៅកម្ពុជា

image

អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុ

ភ្នំពេញ៖  លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានស្នើទៅកាន់លោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឲ្យជួយក្នុងគម្រោងបង្កើត មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី ដើម្បីប្រើប្រាស់ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាព និងជាកន្លែងស្រាវជ្រាវរបស់ស្ត្រី ទៅលើផ្នែកសេដ្ឋកិច្ច។

សំណើរនេះ បានធ្វើឡើង នៅក្នុងឱកាសដែលលោកស្រីរដ្ឋមន្ត្រី បានទទួលជួបជាមួយលោក មីកាមិ ម៉ាសាហ៊ីរ៉ូ ក្នុងន័យសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងដំណើរការអភិវឌ្ឍសមភាពយេនឌ័រនៅកម្ពុជា និងកិច្ចសហប្រតិបត្តការ រវាងក្រសួងកិច្ចការនារី និងអង្គការ JICA។  

លោកស្រីរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានមូលនិធិមួយ ដែលអាចជួយដល់សហគ្រិនស្ត្រី ដែលកំពុងប្រកបអាជីវកម្មខ្នាតតូច និងមធ្យម។ ប៉ុន្តែ ស្ត្រីជាសហគ្រិនរបស់កម្ពុជាភាគច្រើន មិនសូវមានសមត្ថភាព ក្នុងការសរសេរផែនការអាជីវកម្ម ដើម្បីទទួលបានមូលនិធិ ពីក្រសួងសេដ្ឋកិច្ចនោះទេ។ ដូច្នេះហើយ ទើបក្រសួងកិច្ចការនារី ចង់បង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីជួយអភិវឌ្ឍន៍សមត្ថភាពដល់សហគ្រិនស្ត្រី ដើម្បីចេះសរសេរផែនការអាជីវកម្ម និងទទួលបានព័ត៌មានសេដ្ឋកិច្ចផ្សេងៗ។ 

លោកស្រី បានបន្ថែមថា គម្រោងនេះ លោកស្រីចង់ធ្វើឡើងនៅឆ្នាំខាងមុខឆាប់ៗនេះ ក្រោយពីគម្រោងរបស់អង្គការ JICA ជាមួយនឹងក្រសួងកិច្ចការនារី ត្រូវបានបញ្ចប់។

ជាការឆ្លើយតបនឹងការស្នើសុំនេះ លោកឯកអគ្គរាជទូតជប៉ុន បានបង្ហាញការរីករាយ នឹងចូលរួមសហការជួយដល់កម្ពុជា។ លោក ក៏បានកោតសរសើរដល់ក្រសួងកិច្ចការនារី ដែលបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាព ស្ត្រី និងកុមារ និងការផ្តល់សេវាកម្មជួយជនរងគ្រោះ ដោយអំពើហឹង្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព៕