សន្តិសុខសង្គម

ចាប់ខ្លួនមុខសញ្ញាចោរកាច់សោរម៉ូតូក្នុងក្រុងសៀមរាបជាបន្តបន្ទាប់ បញ្ជូនទៅតុលាការ

image


សៀមរាប៖ ចាប់មុខសញ្ញាចោរកាច់សោរម៉ូតូក្នុងក្រុងសៀមរាបចំនួន ៣នាក់ បញ្ជូនទៅតុលាការ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ការបង្ក្រាបនេះដោយមានកិច្ចសហការល្អ រវាងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និង អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង។ នេះបើយោងតាមការឱ្យដឹងពីនគរបាលក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រុមការងាររបស់លោក បានសហការគ្នាធ្វើការស្រាវជ្រាវ និង អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាប ក្នុងនោះ ធ្វើការចាប់ខ្លួនជនល្មើសឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាប ដែលជាមុខសញ្ញាសេសសល់ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ) ប្រព្រឹត្តនៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយឃាត់ខ្លួន និងសាកសួរជនល្មើសខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ជាមួយបក្ខពួកខ្លួន ចំនួន ២នាក់ ដែលត្រូវសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនបានពិតមែន នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិតាវៀនសង្កាត់សាលាកំរើក ក្រុងសៀមរាប។

បច្ចុប្បន្នជនល្មើស ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕