ព័ត៌មានជាតិ

ជនសង្ស័យ យកកាំបិត អារកក្មួយទើបអាយុ១១ខែ បណ្តាលឲ្យស្លាប់ ត្រូវនគរបាលចាប់ខ្លួន

image

កំពង់ចាម៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រូវជាពូបង្កើតជនរងគ្រោះ ដែលបានយកកាំបិតអារកក្មេងទើបមានអាយុ១១ខែ បណ្តាលឲ្យស្លាប់។ ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅចំណុចវាលស្រែ កំពួយប្រណាំង ស្ថិតនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជនរងគ្រោះឈ្មោះ ប៊ុនថុន សុខចំរើន ភេទប្រុស អាយុ១១ខែ មានទីលំនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជនសង្ស័យឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិតជាបានធ្វើសកម្មភាពយកកាំបិត អារក ជនរងគ្រោះរហូតដល់ស្លាប់។

បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យ កម្លាំងសមត្ថកិច្ចផែនជំនាញនគរបាលព្រហ្មទណ្ឌខេត្ត ដឹកនាំលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង សហការកម្លាំងជាមួយប្រជាការពារ ព្រមទាំងមានការសម្របសម្រួល ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ ចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវរុករកជនសង្ស័យ រហូតដល់វេលាម៉ោង២១និង៣០នាទី សមត្ថកិច្ច បានរកឃើញជនសង្ស័យខាងលើ។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជនសង្ស័យខាងលើបានទាញកាំបិតខ្វែវកង៉ុក ដេញកាប់កម្លាំងនគរបាល និងកម្លាំងប្រជាការពារ បណ្តាលឲ្យត្រូវប្រជាការពារម្នាក់ឈ្មោះ ស្រ៊ីន ណៃហ៊ត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពង្រ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចចាប់ឃាត់បានជនសង្ស័យខាងលើ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសួរនាំ រៀបចំកសាងឯកសារ និងសំណុំរឿងតាមនីតិវិធី ៕

ព័ត៌មានទាក់ទង...