ព័ត៌មានអន្តរជាតិ

សមាជិកសភាថៃប្រើសិទ្ធិវ៉េតូជំទាស់នឹងសំណើកែប្រែរដ្ឋធម្មនុញ្ញដែលអាចជះឥទ្ធិពលដល់របបរាជានិយម

image

បាងកក៖ កាលពីថ្ងៃពុធសមាជិកសភាថៃបានបោះឆ្នោតពាក់ព័ន្ធនឹងជម្រើសចំនួន៧នៃការកែប្រែរដ្ឋធម្មនុញ្ញដោយបានជំទាស់ចំពោះសំណើមួយរបស់ក្រុមបាតុករដែលទាមទារឲ្យពិភាក្សាលើតួនាទីរបស់ព្រះបាទ ម៉ាហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ។

សូមរម្លឹកថា ការតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវក្នុងទីក្រុងបាងកកបានចាប់ផ្តើមកាលពីខែកក្កដាដោយទាមទារឲ្យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែលជាអតីតមេដឹកនាំយោធាចុះចេញពីតំណែង, កែប្រែរដ្ឋធម្មនុញ្ញនិងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រថៃ។

សំណើពីរទៀតត្រូវបានអនុម័តដោយនឹងអនុញ្ញាតឲ្យមានការពិភាក្សាលើការកែប្រែរដ្ឋធម្មនុញ្ញប៉ុន្តែមិនប៉ះពាល់ដល់របបរាជានិយម។ សំណើរបស់ក្រុមសិទ្ធិមនុស្សដែលតំណាងឲ្យពលរដ្ឋថៃមិនបានទទួលដូចនូវអ្វីដែលពួកគេត្រូវការឡើយ។

ការបោះឆ្នោតនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ខណៈដែលក្រុមអ្នកគាំទ្ររបស់លោក ប្រាយុទ្ធ មានសំឡេងភាគច្រើននៅក្នុងសភា ហើយសមាជិកព្រឹទ្ធសភាទាំងអស់សុទ្ធតែត្រូវបានតែងតាំងដោយរដ្ឋាភិបាលយោធាដែលលោកបានដឹកនាំបន្ទាប់ពីការធ្វើរដ្ឋប្រហារឆ្នាំ២០១៤រហូតដល់ការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីឆ្នាំមុន៕

ប្រែសម្រួល៖ នីតា