ព័ត៌មានជាតិ

ផ្លូវមួយខ្សែឆ្លងកាត់ភូមិចំនួន៣ នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ

image

(កំពង់ចាម)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែកក្កដានេះ បានអញ្ជើញបញ្ជាគ្រឿងចក្រ ​បើកការដ្ឋានស្ថាបនា ផ្លូវក្រាលក្រួសក្រហម ប្រវែងជាង៣ពាន់៥០០ម៉ែត្រ លូប្រអប់ចំនួន១កន្លែង និងលូមូលចំនួន៥កន្លែង ដែលផ្លូវនេះ ឆ្លងកាត់ភូមិចំនួន៣ គឺភូមិកោះតាភេម ភូមិអង និងភូមិគូ នៃឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ការសាងសង់ផ្លូវមួយខ្សែនេះឡើង ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទុកបម្រើ ផលប្រយោជន៍សាធារណៈ ជាពិសេស ចូលរួមលើកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់ជូន ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនកសិផល ទៅកាន់គោលដៅទីផ្សារនានា, នេះបើតាមប្រសាសន៍ ឯកឧត្តម ប៉ាន សូរស័ក្តិ ​បានលើកឡើង នៅចំពោះមុខប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានចូលរួម។

ព្រមជាមួយគ្នានោះ ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ បានសម្តែងភាពរីករាយជាខ្លាំង ជាមួយនឹងការចាប់ផ្តើមស្ថាបនាផ្លូវ​នេះជាថ្មី ព្រោះកន្លងមក ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ​មានភាពលំបាក នៅក្នុងការធ្វើដំណើរ ជាពិសេស គឺនៅក្នុងរដូវភ្លៀងធ្លាក់។

សូមជម្រាបថា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាល បានសាងសង់ផ្លូវនៅតាមទីប្រជុំជន និងជនបទដាច់ស្រយាល ប្រមាណជាង៤ម៉ឺនគីឡូម៉ែត្រផ្លូវជាតិ និងផ្លូវខេត្តប្រមាណ២ម៉ឺនគីឡូម៉ែត្រ ហើយបានកសាងគ្រឹះស្ថានអប់រំរដ្ឋ ចំនួនជាង១ម៉ឺនកន្លែង និងមូលដ្ឋានសុខាភិបាលសាធារណៈ សរុបជាង២ពាន់កន្លែង នៅទូទាំងប្រទេស។ លើសពីនេះ រាជរដ្ឋាភិបាល បានតភ្ជាប់បណ្តាញអគ្គិសនី ទៅកាន់ផ្ទះប្រជាពលរដ្ឋ បានចំនួន៨០ភាគរយ នៃភូមិទាំងអស់ នៅទូទាំងប្រទេស ហើយនៅឆ្នាំ២០២០ខាងមុខ រាជរដ្ឋាភិបាល មានគម្រោងតភ្ជាប់ ចរន្តអគ្គិសនី ដែលមានតម្លៃថោក ទៅកាន់ផ្ទះប្រជាពលរដ្ឋគ្រប់ភូមិថែមទៀត៕ (អត្ថបទ៖ សន ពិសិដ្ឋ, រូបភាព៖ លឹម មុនី)