ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃនៅក្នុងភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីបានបំផ្លាញផ្ទះនិងអគារជាង៧០ខ្នង

image



ក្រុមមន្ត្រីបាននិយាយថា កាលពីថ្ងៃអាទិត្យ ភ្លើងឆេះព្រៃនៅក្នុងភាគអាគ្នេយ៍ប្រទេសអូស្ត្រាលីបានបំផ្លាញផ្ទះជាច្រើនខ្នង និងកាត់ផ្តាច់អគ្គិសនីប្រើប្រាស់របស់ពលរដ្ឋរាប់ពាន់នាក់ ប៉ុន្តែមិនមានការរាយការណ៍អំពីការរងរបួសធ្ងន់ធ្ងរណាមួយនោះទេ។


មន្ត្រីសេវាពន្លត់អគ្គិភ័យនៅក្នុងរដ្ឋញូ សៅ វេល (New South Wales) បាននិយាយថា សង្កាត់ដែលរងការវាយប្រហារខ្លាំងជាងគេបំផុតដោយសារភ្លើងឆេះព្រៃនោះគឺសង្កាត់ថាស្រា (Tathra) ដែលស្ថិតនៅតំបន់ឆ្នេរភាគខាងត្បូងរដ្ឋញូ សៅ វេល (New South Wales) ដោយផ្ទះនិងអគារជាង៧០ខ្នងត្រូវបានរងការខូចខាត ឬបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ។


ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា ពលរដ្ឋមួយចំនួននៅក្នុងសង្កាត់ថាស្រា (Tathra) ដែលត្រូវបានជម្លៀសចេញនឹងអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាននៅថ្ងៃច័ន្ទនេះ នៅពេលដែលក្រុមការងារសង្គ្រោះបន្ទាន់តម្លើងបណ្តាញអគ្គិសនីឡើងវិញរួចរាល់។


សេវាពន្លត់អគ្គិភ័យបាននិយាយនៅថ្ងៃច័ន្ទនេះថា អណ្តាតភ្លើងមិនទាន់ត្រូវបានគ្រប់គ្រងទាំងស្រុងនោះទេ បន្ទាប់ពីវាបានឆាបឆេះព្រៃជាង១ពាន់ហិចតា ប៉ុន្តែបានបន្ថែមថា លក្ខខណ្ឌអាកាសធាតុនៅថ្ងៃនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់ពួកគេនៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងគ្រោះធម្មជាតិនោះ៕