ព័ត៌មានជាតិ

តម្លៃត្រីប្លាធូហក់ឡើងជាង១០០%ក្នុងពេលកម្ពុជាជួបភ្លៀងនិងព្យុះ

image

(កោះកុង)៖ តម្លៃត្រី ប្លាធូ ហក់ឡើងទ្វេដងក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីកម្ពុជាទទួលរងនូវសម្ពាធទាប បណ្តាលឲ្យមានខ្យល់និងភ្លៀងយ៉ាងខ្លាំងនៅតំបន់សមុទ្រ ហើយបង្អាក់ការចេញទៅនេសាទរបស់ប្រជានេសាទ។

អាជីវករនៅក្នុងផ្សារក្នុងខេត្តកោះកុង បានអះអាងស្ទើរតែដូចៗគ្នា ថា មួយរយៈចុងក្រោយនេះ តម្លៃត្រីប្លាធូ ឬ (ត្រីកាម៉ុង) បានហក់ឡើង ចម្លោះពី ១២០០០រ ទៅ១៥០០០ រៀល ក្នុង១គីឡូក្រាម ខណៈនៅរដូវប្រាំងតម្លៃរបស់វា ស្ថិតនៅត្រឹមតៃ៥០០០ ទៅ៦០០០រៀលប៉ុណ្ណោះ សម្រាប់តម្លៃលក់រាយនៅតាមទីផ្សារ។

ត្រីប្លាធូ ឬអ្នកមួយចំនួននិយមហៅថា «ត្រីកាម៉ុង» ជាត្រីមួយប្រភេទដែលរស់នៅតាមតំបន់សមុទ្រក្នុងជម្រៅទឹកមធ្យម ហើយក៏ជាត្រីមួយប្រភេទដែលប្រជាជននៅតាមតបន់មាត់សមុទ្រ និយមយកមកច្នែជាមុខម្ហូបផ្សេងៗ មាន ចូកតឹង ជាដើម នៅតាមហាងឬភោជនីយដ្ឋាន ឬក៏តាមគ្រួសារ។


ប៉ុន្តែក្នុងរយៈពេលប្រហែលជិតខែចុងក្រោយនេះ តាមព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម កម្ពុជាទទួលរងនៅប្រព័ន្ធសម្ពាធទាប បង្កឲ្យមានភ្លៀងនិងភ្ជុះនៅតំបន់សមុទ្រនិងប៉ះពាល់ដល់ខេត្តនានានៅជាប់សមុទ្រ។

លក្ខណៈធាតុអាកាសបែបនេះ បានបង្អាក់ការការចេញទៅនេសាទរបស់ប្រជានេសាទទៅកាន់ផ្ទៃសមុទ្រ។
ប្រជានេសាទដែលរស់នៅតាមមាត់ព្រែកកោះប៉ោ ជាអ្នកប្រកបរបរ ដាក់មងត្រីប្លាធូ ដោយជីវភាពគ្រួសាររបស់ពឹងទាំងស្រុងលើការនេសាទត្រីប្លាធូ ហើយ បច្ចុប្បន្នគ្រួសាររបស់លោក ហាក់ទទួលរងនូវផលលំបាកយ៉ាងខ្លាំង ដោយសារ ពួកគាត់មិនអាចចេញទូកទៅនេសាទដូចសព្វដង។


ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ប្រជានេសាទមួយចំនួនក្លាយជាអ្នកដើររើសខ្យង ខ្ចៅក្នុងតំបន់វាលភក់ក្នុងព្រៃលិចទឹក នៅតាមតំបន់ឆ្នេរវិញ ដោយទទួលបានចំណូលតិចតួចប៉ុណ្ណោះ។ សម្រាប់ការរើសខ្យង ខ្ចៅ ពួកគាត់ទទួលបានចំណូលប្រមាណ ៣០០០០រៀលក្នុងថ្ងៃ ព្រោះខ្យង និង ខ្ចៅសមុទ្រមានតម្លៃថោកត្រឹមតែ ៨០០រៀលក្នុង១ គីឡូក្រាម។


ក្នុងចំណោមអ្នកនេសាទជាច្រើន គ្រួសារ លោកពូ ឡេស នី និងអ្នកស្រី ម៉ៃ សារី បានក្លាយជាអ្នកដើររើសខ្យងដូចគ្រួសារផ្សេងៗដែរ។

លោក មោហាម៉ាត់ អាលី វ័យ៥៥ឆ្នាំ ជាប្រជានេសាទ រស់នៅក្នុងភូមិបួន សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានរៀបរាប់ពីបញ្ហាលំបាក ក្នុងការនេសាទ និងផលលំបាកប្រចាំថ្ងៃក្នុងពេលបច្ចប្បន្ននេះ ក្នុងអំឡុងពេលនេះការអាក់ខានចេញទៅនេសាទ។

អ្នកស្រី ម៉ារីណា វ័យ ៣២ឆ្នាំជាអជីវករលក់គ្រឿងសមុទ្រ មានត្រីនិងបង្គា ក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ បានអះអាងថា ក្នុងមួយរយៈកាលកន្លងមកនេះ ការលក់ដូររបស់គាត់មិនសូវជាកាក់កបសោះ ព្រោះគ្មានត្រីលក់ជូនភ្ញៀវឲ្យបានដូចមុនពេលព្យុះនិងភ្លៀងកើតឡើង។

អាជីវករមា្នក់ទៀត គឺ អ្នកស្រី ឡុង វ៉ា វ័យ៣៥ឆ្នាំ បានបញ្ជាក់នូវហេតុផលស្រដៀងគ្នា ដែលអ្នកស្រី ម៉ារីណា បានលើកឡើង។

ប្រជានេសាទក្នុងខេត្តកោះកុងហាក់អន្ទះសាចង់ឃើញធាតុអាកាសមានភាពប្រក្រតីឡើងវិញ ហើយ ខ្លួនអាចចេញទៅនេសាទ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវីភាពគ្រួសារឲ្យបានប្រសើរឡើងវិញ។


ខេត្តកោះកុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងដែលបានធ្លាក់ច្រើនចុះជាច្រើនថ្ងៃ ហើយ យ៉ាងហោចណាស់ មានស្រុក៤នៃខេត្តកោះកុងទទួលរងទឹកជំនន់ ស្រុក ស្រែអំបិល ស្រុកមណ្ឌលសីមា ស្រុកថ្មបាំង។

ឥទ្ធិពលនៃទឹកភ្លៀងទាំងនោះ បង្កផលប៉ះពាល់ដល់ស្រុកកំពង់សិលានៃខេត្តព្រះសីហនុ ហើយ បានបង្កការលិចលង់នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ លេខ ១១៦ និង ១១៧ ហើយ អាជ្ញាធរបានផ្អាកការធ្វើចរាចរណ៍ជាច្រើនថ្ងៃ៕  (អត្ថបទ៖ ភ្នាក់ងារ កោះកុង)



ព័ត៌មានទាក់ទង...