រដ្ឋមន្ត្រីទេសចរណ៍៖ ការបោះឆ្នោតនាពេលខាងមុន ពុំប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ចូលរួមជាអធិបតី ក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជាតិលើកទី ១ដែលរៀបចំដោយទីភ្នាក់ងារទេសចរណ៍កម្ពុជា នាព្រឹកថ្ងៃទី ២០ កក្កដា ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បញ្ជាក់ថាការបោះឆ្នោតពុំប៉ះពាល់ដល់វិស័យទេសចរណ៍នោះទេ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បន្ត មិនត្រឹមតែមិនប៉ះពាល់ ផ្ទុយទៅវិញ ចំនួនភ្ញៀវទេសចរណ៍ ក្នុងរយៈពេល ៥ខែដំបូងឆ្នាំ ២០១៨នេះ មានរហូតដល់ជាង ២លាននាក់ កើនឡើង ១៣% បើធៀបនឹងពេលវេលាដូចគ្នាក្នុងឆ្នាំ ២០១៧។ ឯកឧត្តម ថោង ខុន បញ្ជាក់ថា អ្វីដែលសំខាន់គឺមកពីប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានសុខសន្តិសុខល្អ ទើបធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍នៅតែបន្ត កើនឡើង ទោះបីជាកំឡុងពេលត្រូវបោះឆ្នោតក៏ដោយ។

ជុំវិញពិព័រណ៍ទេសចរណ៍ជាតិលើកទី ១ វិញ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានលើកឡើងពីគុណតម្លៃនៃ ពិព័រណ៍នេះថា គឺដើម្បីពង្រីកគោលដៅទេសចរណ៍នៅកម្ពុជាទាំង ២៥ ខេត្តក្រុង និងធ្វើឲ្យប្រជាជន យល់ដឹងកាន់តែច្រើនពីសក្ដានុពលនៃវិស័យទេសចរណ៍ ថែមទាំងទទួលបានព័ត៌មានបច្ចុប្បន្នភាពពីវិស័យទេសចរណ៍ ទាំងក្នុងនិងក្រៅ ប្រទេស។ ជាពិសេវាជាឱកាសប្រមូលផ្តុំរវាងអ្នកផលិតនិងអ្នកផលិត អ្នកផ្គត់ផ្គង់ផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់បន្ត និងជាមួយអ្នកប្រើប្រាស់ សេវាកម្មផ្ទាល់ ជាមួយនឹងស្តង់ ជាង ១៥០។

សូមជម្រាបថា វិស័យទេសចរណ៍ ត្រូវបានរាជដ្ឋាភិបាលកម្ពុជា ចាត់ទុកជា “មាសបៃតង” ដែលកំពុងមានការរីកចម្រើនជាខ្លាំង ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ រួមចំណែកប្រមាណ១២%នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលជាច្រើនម៉ឺននាក់បន្ថែមទៀត៕ (អត្ថបទ៖ ស៊ន សុខឃៀង)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation