អភិបាលខេត្តកំពត៖ការបើកទំនប់វារីអគ្គីសនីមិនមែនជាមូលហេតុដែលធ្វើឱ្យមានទឹកជំនន់នោះទេ
| ព័ត៌មានជាតិ
SHARE

(កំពត)៖ នៅក្នុងឱកាសនៃការចុះពិនិត្យស្វែងយល់ពីស្ថានភាពជំនន់ទឹកភ្លៀង ឯកឧត្តម ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា ទឹកជំនន់នៅក្នុងក្រុងកំពតនិងស្រុកទឹកឈូនេះ គឺដោយសារភ្លៀងធ្លាក់ ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះគឺ មិនមែនដោយ សារការបើកទំនប់វារីអគ្គីសនីនោះទេ គឺគេបើកតាមលក្ខណៈ បច្ចេកទេស ច្បាស់លាស់ ហើយក៏មិនបង្កការប៉ះពាល់ធ្ងន់ធ្ងរដែរ ដែលសភាព ការណ៍ ត្រូវបានអាជ្ញាធរ បានខិតខំ ចាត់ចែងបានទាន់ពេលវេលានិងត្រៀមបង្កាបន្តថែមទៀត ចំពោះសភាភាពកាណ៍បន្ទាន់។ 


ឯកឧត្តម ជាវ តាយ ក៏បានកោតសរសើរនិងផ្ដាំផ្ញើដល់អាជ្ញាធរកងកម្លាំងសមត្ថកិច្ចអោយបង្កើនកិច្ច សហការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ពិសេសត្រូវតាមដានស្ថានភាពទឹក បើមានសភាពមិនធម្មតាត្រូវ ប្រញាប់ជំលៀសបញ្ជូន ពួកគាត់មកកាន់ទីទួលសុវត្ថិភាពនិងរាយការណ៍ដល់ថ្នាក់លើ ដើម្បីដាក់ជា វិធានការណ៍ ជួយអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋអោយអស់លទ្ធភាពមិន ត្រូវទុកចោលពួក គាត់ឡើយ។ 


យោងតាមរបាយការណ៍ ស្តីអំពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពតថ្ងៃទី១៧-១៩ ខែកក្កដា ឆ្នាំ២០១៨ ដែលបានចេញដោយរដ្ឋបានខេត្តកំពត បានលើកឡើងថា ស្ថានភាពអាកាសធាតុនៅ ខេត្តកំពត ភ្លៀងបានបន្តធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បានបង្កឲ្យមានទឹកជំនន់លិចភូមិ ឃុំ/សង្គាត់ ក្នុងក្រុងកំពត ស្រុកទឹកឈូ និងស្រុកឈូកបណ្តាលឲ្យប៉ះពាល់ភូមិចំនួន៤០ នៃឃុំ/សង្កាត់ ចំនួន២១ វត្តអារាមចំនួន២ សាលារៀនចំនួន ០៧ខ្នង សារ៉ាវចំនួន៦ ផ្លូវចំនួន៤៥ខ្សែ លូ១៨កន្លែង ស្ពានពីកន្លែង ផ្ទះប្រជាពលរដ្ឋ ចំនួន ២.៦៧៤ខ្នង ដីស្រែចំនួន ៧៩៧,៥ហិកតា ដំណាំរួមផ្សំចំនួន ៦៥០ហិកតា។


នៅក្នុងរបាយការណ៏ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ម្សិលមិញ បានបញ្ជាក់ថា ក្រុងកំពតមានផ្ទះ រងផលប៉ះពាល់សរុបចំនួន ១.៤៣៣ខ្នង ក្នុងភូមិចំនួន ១៥ នៃ៥សង្កាត់ ប៉ុន្តែមិនខូចខាតធ្ងន់ទេ។ ផ្លូវចំនួន២៤ខ្សែលិចទឹក ស្ពានឈើ១ខូចខាត ទាំងស្រុង សាលារៀនបីលិចទឹកតិចៗ ដំណាំស្រូវ ៤៥ហិកតា ។


ស្រុកទឹកឈូ ប៉ះពាល់១៤ភូមិនៃ ឃុំចំនួន៦ វត្តចំនួន២ សាលារៀន៤ខ្នង សរ៉ាវចំនួន៦ ផ្លូវចំនួន ១៧ខ្សែ ដីស្រែចំនួន ២៧៥,៥ហិកតា ដំណាំរួមផ្សំចំនួន ៦៥០ហិកតា ផ្ទះពលរដ្ឋចំនួន ១.១៦១ខ្នង ក្នុងនោះឃុំ កំពង់គ្រែង ៥ភូមិ ឃុំម៉ាក់ប្រាង្គពីរភូមិ ឃុំព្រៃឃ្មុំ១ភូមិ ឃុំត្រពាំងធំ៣ភូមិ ឃុំត្រពាំងសង្កែ ២ភូមិ ឃុំស្ទឹងកែវ១ភូមិ។


ស្រុកឈូក ទឹកជំនន់បង្កឲ្យប៉ះពាល់១៣ភូមិ នៃឃុំចំនួន៣ ផ្លូវចំនួន៤ខ្សែ លូ១៨កន្លែង ស្ពាន១កន្លែង ផ្ទះប្រជាពលរដ្ឋចំនួន ៦២ខ្នង ដីស្រែចំនួន ៤៤៤ហិកតា ក្នុងនោះ ឃុំតាកែនលិច៣ភូមិ ឃុំត្រពាំងភ្លាំងលិច៦ភូមិ និងឃុំតេជោអភិវឌ្ឍន៍ លិច៤ភូមិ។ស្រុកកំពង់ត្រាចប៉ះពាល់ភូមិចំនួន៨ ឃុំចំនួន៧ និងលិចផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នង។


ឆ្លើយតបនឹងហេតុការជំនន់ទឹកភ្លៀងនេះ អភិបាលខេត្តនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គរភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានសហការ ចុះអន្តរាគមន៍ ជួយសង្គ្រោះ ប្រជាពលរដ្ឋបានទាន់ពេលវេលាមិនបណ្តាល ឲ្យបាត់បង់ អាយុជីវិតមនុស្សនិងសត្វឡើយ និងបានកាយបង្ហូរផ្លូវទឹក ដើម្បីបញ្ចៀសនូវការខូចខាត៕


អត្ថបទ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation