ព្រះមហាក្សត្រនិងហ្លួងម៉ែ យាងជាព្រះរាជធិបតីក្នុងព្រះរាជពិធីសិតទៀនវស្សាក្នុងព្រះបរមរាជវាំងនាព្រឹកនេះ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាវេលាព្រឹកថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យសេ្តចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ ដើម្បីប្រោសព្រះរាជទាន ត្រាស់បង្កប់ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ដង្ហែទៅប្រគេន ព្រះសង្ឃនឹងគង់ចាំព្រះវស្សាក្នុងរយៈពេល មួយត្រីមាស នៅតាមទីអារាមនាៗដើម្បីវេប្រគេនព្រះសង្ឃបានជាស្បៀង គ្រឿងរណ្តាប់ត្រៀមលក្ខណៈនៅក្នុងរដូវបុណ្យចូលព្រះវស្សាចាប់ពីថ្ងៃ១រោជ ខែអាសាឍ រហូតដល់ថ្ងៃ១៤កើត ខែអស្សុជ ខាងមុខនេះ។

សូមជម្រាបថា ព្រះរាជពិធីសិតទៀនវស្សា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដោយកំណត់យកថ្ងៃ ៨កើត ខែទុតិយាសាឍ ពោលគឺមុនមួយសប្តាហ៍ដែលពិធីចូលកាន់ព្រះវស្សាចូលមកដល់ ទៅតាមបវេណីមហាក្សត្រនិងព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សានាឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ខែអាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី ២៨ ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវថ្ងៃទី ២៤ ខែតុលា។ ជាទំនៀមទម្លាប់របស់ ប្រជាពលរដ្ឋខ្មែរ ដែលប្រកាន់ខ្ជាប់នូវប្រពៃណីព្រះពុទ្ធសាសនា ឲ្យតែដល់រដូវចូលព្រះវស្សា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ តែងតែនាំយកនូវ ទៀនព្រះវក្សា ចង្ហាន់ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីយកមកវេរប្រគេន តម្កល់ទុកនៅក្នុងទីអារាម សម្រាប់ប្រគេន ព្រះសង្ឃសមាទានសីល រយៈពេលបីខែ ដែលជាទំនៀមទម្លាប់ ព្រះសង្ឃគ្រប់អង្គ នៅក្នុងឱកាសចូលកាន់ព្រះវក្សានេះ មិនអាចចេញក្រៅអាវាសវត្តបានទេ គឺត្រូវគង់ក្នុងវត្តដើម្បីសិក្សារៀនសូត្រ ទៅតាមពុទ្ធានុញ្ញាត របស់ព្រះពុទ្ធសាសនានៃយើង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation