ទំហំនៃការប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងខេត្តទាំង៧នៅកម្ពុជាគិតត្រឹមថ្ងៃទី ១៩ កក្កដា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ផ្ញើជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បញ្ជាក់ថា មានខេត្តចំនួន៧ ដែលរួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង,ខេត្ដព្រះសីហនុ ខេត្តកំពត, ខេត្តកែប ,ខេត្តប៉ៃលិននិងខេត្តបាត់ដំបង បានរងគ្រោះ ដោយសារតែជំនន់ទឹកភ្លៀង។

តាមរយៈរបាយការណ៏ខាងលើនេះ ខេត្តកំពង់ស្ពឺ បានប៉ះពាល់ខ្លាំង ពិសេសស្រុកភ្នំស្រួច ដោយយោងតាមរបាយការណ៏របស់ខេត្ត គឺប៉ះពាល់ ៨ឃុំ រួមមាន៖ប្រជាពលរដ្ឋរងគ្រោះ ២៣០គ្រួសារ ,ប៉ះពាល់ដំណាំស្រូវ ១១៥៧ហិកតា, ប៉ះពាល់ចំការស្វាយ២៣២ហិកតា។បច្ចុប្បន្ន កំពុងមានការព្រួយ បារម្ភចំពោះកម្រិតទឹកនៅស្ថានីយ៍ពាមឃ្លៃ ដែលឡើងដល់ ៨ម៉ែត្រកន្លះ និងទំនប់រលាំងជ្រៃដោយកម្រិតទឹកឡើងដល់ ៧ម៉ែត្រ ៦០ នឹងត្រូវលិចផ្សារ កំពង់ស្ពឺ។ចំពោះទឹកដែលហូរធ្លាក់តាមស្ទឹងព្រែកត្នោតពុំទាន់មានបញ្ហាទេ ដោយក្រសួងជំនាញ បានបង្វែរទឹកមុនសភាពការណ៍កើតឡើងឱ្យទឹកហូរធ្លាក់ ទៅអាងស្តុកទឹកន្លេបាទី។

ដោយឡែកខេត្តព្រះសីហនុ ចំណុចដែលប្រឈមខ្លាំងគឺត្រង់ចំណុចស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដែលកាលពីព្រឹកថ្ងៃនេះ បានស្រកទៅហើយក្តី ប៉ុន្តែកាលពីម្សិលមិញទឹកជំនន់បានជន់លិច ប្រវែងប្រមាណ ៩០០ម៉ែត្រ កម្ពស់ប្រមាណ ១.៧០ម៉ែត្រ ឯណោះ ដែលទឹកជំនន់នេះ មានប្រជាជនប៉ះពាល់ចំនួន ៣ភូមិ ស្មើប្រមាណ ៩០០គ្រួសារ។

សម្រាប់ខេត្តខេត្តកំពត គឺមានភ្លៀងធ្លាក់ច្រើននៅតាមផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤១ ដោយនៅតាមផ្លូវមានទឹកពេញព្រៀប ហើយគិតត្រឹមម៉ោង ១៩:០០ ថ្ងៃទី១៨ ប្រព័ន្ធប្រកាសអោយដឹងមុនគ្រោះទឹកជំនន់នៅភូមិអណ្ដូងជីមីន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ឡើងដល់ ៨.២ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។ ហើយមដល់ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ ទឹកព្រែកកំពង់បាយ បានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ដែលធ្វើឱ្យជន់ឡើងលិច ចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងសង្កាត់មួយចំនួនដែលនៅជាយក្រុងកំពត ។

សម្រាប់ខេត្តកែប សភាពការណ៏ទឹកជំនន់ អាចគ្រប់គ្រងបាន តែត្រូវតាមដានបន្តទៀត។

ជាមួយគ្នានេះ នៅឯខេត្តកោះកុង ជំនន់ទឹកភ្លៀងបានប៉ះពាល់ចំនួន ៥ឃុំ ក្នុងស្រុកចំនួន៤ ដោយប្រជាជនចំនួនប្រមាណ៥៥១គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

រីឯខេត្តប៉ៃលិន គឺមានភ្លៀងធ្លាក់តិច ប៉ុន្តែនៅតាមស្ទឹង អូរ ព្រែក មានទឹកពេញទាំងអស់ សោយសារទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ(ខេត្តត្រាត)។

ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង បានធ្វើឱ្យរបាក់ច្រាំងនៅស្ទឹងសង្កែ បណ្តោយប្រមាណ ១០០ម៉ែត្រ និងលិចចំណីផ្លូវប្រមាណ៣០ម៉ែត្រពីមាត់ស្ទឹង នឹងកំពុងបានជួសជុលឡើងវិញ។ នៅស្រុកសំឡូត ក៏មានការជន់លិចភូមិចំនួន៤ និងប៉ះពាល់-ខូចខាត ៣ឃុំ គឺឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប ឃុំព្រែកហ្លូង ។ក្នុងនោះ នៅស្រុកឯកភ្នំ ជំនន់ទឹកភ្លៀងបានធ្វើឱ្យស្រូវកំពុងហាលផ្កា ខូចខាតទាំងស្រុង ៥០ហិកតា,ស្រូវប្រឈមការខូចខាតប្រមាណ១០០៧ហិកតា និងផ្ទះលិចទឹក ១០៩ខ្នង។ ចំពោះទំនប់សេកសកនិងទំនប់គង្ហត ក៏កំពង់មានការព្រួយបារម្ភ។ នៅចំនុច ស្ពានបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង មានប្រេះដីនៅគល់ស្ពាន៕

អត្ថបទ ៖ ហុង លាងហួរ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation