អង់គ្លេសនឹងបណ្តេញមន្ត្រីការទូតរុស្ស៊ីចំនួន២៣នាក់ចេញពីប្រទេសដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយសារធាតុគីមីបំផ្លាញសរសៃប្រសាទទៅលើអតីតចារកម្មរុស្ស៊ីម្នាក់
| ព័ត៌មានអន្តរជាតិ
SHARE


នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរេសា មេយ៍ (Theresa May) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអង់គ្លេសនឹងបណ្តេញមន្ត្រីការទូតរុស្ស៊ីចំនួន២៣នាក់ចេញពីប្រទេសដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយសារធាតុគីមីបំផ្លាញប្រព័ន្ធសរសៃប្រសាទទៅលើអតីតចារកម្មរុស្ស៊ីម្នាក់ ហើយបានបន្ថែមថា វាគឺជាការបណ្តេញចេញក្នុងចំនួនយ៉ាងច្រើនបំផុតក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ។


លោកស្រី មេយ៍ បាននិយាយថា ប្រទេសអង់គ្លេសក៏នឹងដាក់ចេញនូវវិធានការថ្មីៗជាច្រើនទៀតដើម្បីរឹតបន្តឹងការការពារប្រឆាំងនឹងសកម្មភាពរបស់សត្រូវ, បង្កកទ្រព្យសម្បត្តិរដ្ឋរបស់ប្រទេសរុស្ស៊ីនៅគ្រប់ទីកន្លែងដែលរកឃើញភ័ស្តុតាងនៃការគំរាមកំហែង និងកាត់បន្ថយចំនួនអ្នកចូលរួមក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ World Cup នៅក្នុងប្រទេសរុស្ស៊ីនារដូវក្តៅនេះ។


លោកស្រីបានបន្តថា ប្រទេសអង់គ្លេសនឹងលុបចោលការអញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) មកទស្សនកិច្ចនៅទីនេះ និងផ្អាកការទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់ដែលបានគ្រោងទុកទាំងអស់រវាងអង់គ្លេសនិងរុស្ស៊ី។


ប្រទេសរុស្ស៊ីដែលបានបដិសេធម្តងហើយម្តងទៀតរាល់ការជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារដោយសារធាតុគីមីនោះបាននិយាយថា ប្រទេសអង់គ្លេសគួរតែរង់ចាំមើលការសងសឹកទៅវិញចំពោះសកម្មភាពរបស់គេ។


សូមរំលឹកថា អតីតចារកម្មរុស្ស៊ីលោក សឺហ្គេ ស្គ្រ៊ីប៉ាល់ និងកូនស្រីរបស់លោកបានធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងមន្ទីរពេទ្យ ចាប់តាំងពីបានប្រទះឃើញសន្លប់បាត់បង់ស្មារតីនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងសាលីសបឺរី (Salisbury) ប្រទេសអង់គ្លេសកាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation