កូនខ្មែររកឃើញ ម៉ាស៊ីនតេស្តរកសារធាតុគីមីផ្ទុកក្នុងបន្លែ សាច់ និងផ្លែឈើ
| ព័ត៌មានជាតិ
SHARE



អតីតក្រុមនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានសិក្សាស្រាវជ្រាវ និងរកឃើញពី“ម៉ាស៊ីនតេស្តិ៍រកសារធាតុគីមីផ្ទុកក្នុងបន្លែ សាច់ ផ្លែឈើ ដែលជាបចេ្ចកវិទ្យាទំនើបមានសារៈប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា។

នេះបើតាមការលើកឡើងរបស់អតីតនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដែលដឹកនាំដោយលោក ផាន់ រតនា និងសហការីស្ថាបនិកផ្សារខ្មែរនៅកម្ពុជា ក្នុងអំឡុងពេលជួប ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញ ក្នុងគោលបំណងស្វែងរកការគាំទ្រពីស្ថាប័នក្រសួងនេះ។

ឯកឧត្តម វេង សាខុន បានកោតសរសើចំពោះការខិតខំប្រឹងប្រែងរបស់អតីតក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដែលបានសហការគ្នាសិក្សាស្រាវជ្រាវ និងរកឃើញនៅម៉ាស៊ីនដ៏មានសារៈប្រយោជន៍ខាងលើ មានសមត្ថភាពវាស់ដឹងនូវកម្រិតជាតិពុលថ្នាំសត្វល្អិតជាង ១៧០០ប្រភេទ សារធាតុលោហៈធ្ងន់ភាគច្រើនប្រើសម្រាប់ព្យាបាលជំងឺរុក្ខជាតិ និងថ្នាំហ្វកម៉ល ជាដើម។

ឯកឧត្តមបញ្ជាក់ថា របកគំហើញនេះ គឺជាសមត្ថផលថ្មីដំបូងគេបង្អស់ដែលផ្សារខ្មែរបានរកឃើញសម្រាប់បម្រើជូនប្រជាជនកម្ពុជាទទួលបាននូវផលិតផលដែលឆ្លងកាត់ការធ្វើតេស្តិ៍ ត្រួតពិនិត្យត្រឹមត្រូវ និងតាមរយៈការតម្លើងនៅឧបករណ៍នៅលើទូរស័ព្ទដៃ (Mobile App) ភ្ជាប់ទៅនឹងប្រព័ន្ធកុំព្យូទ័រ។

ជាមួយគ្នានេះដែរ ឧបករណ៍ធ្វើតេស្តិ៍នេះ ក៍អាចចូលរួមចំណែកលើកស្ទួយវិស័យកសិកម្មឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលជួយកសិករកម្ពុជា ឲ្យមានទីផ្សារកសិផលត្រឹមត្រូវ ព្រមទាំងផ្តល់ជូននូវការប្រឹក្សាលើបច្ចេកទេសដាំដុះតាមបែបទំនើបកម្ម តាមរយៈផ្តល់នូវការសិក្សាដី ការគណនាផ្ទៃដី តម្លើងប្រព័ន្ធស្រោចស្រព និងផ្តល់គ្រាប់ពូជជូនដល់កសិកររួចជាស្រេច និងលើកស្ទួយកសិកម្មប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន និងបង្កើនជីវភាពប្រជាជននៅកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោក ភុន រតនា បានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយផ្តល់នូវកិច្ចសហការ និងការលើកទឹកចិត្តលើរបកគំហើញថ្មីរបស់ផ្សារខ្មែរខ្លួនដើម្បីជាទំនុកចិត្តដល់ផលិតករ អាជីវករ ក៏ដូចជាការជំរុញផលិតផលកសិកម្មនៅតាមទីផ្សារបន្លែមានសុវត្ថិភាព និងធានាសុខមាលភាពប្រជាពលរដ្ឋ៕


អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation