រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ជាង​ ១៤០០​គ្រឿង ត្រូវ​ត្រួតពិនិត្យ និង​ចាប់​ឃាត់
| ព័ត៌មានជាតិ
SHARE

យោងតាមរបាយការណ៍របស់ក្រសួងសារធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅក្នុងរយៈពេល ៦ខែឆ្នាំ ២០១៨នេះ យ៉ាងហោចណាស់រថយន្តប្រមាណ ១៨ម៉ឺន ១៦៤២គ្រឿងត្រូវបានមន្ត្រីជំនាញធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយក្នុងនោះរថយន្តចំនួន ៧៦១២គ្រឿង រកឃើញថា មានខុសបច្ចេកទេស និងមិនគោរពតាមបទដ្ឋានច្បាប់។

របាយការណ៍ដដែលនេះបង្ហាញថា ក្នុងយុទ្ធនាការនេះ ក្រុមមន្ត្រីជំនាញបានកាត់រថយន្តតទ្រុងខុសបច្ចេកទេសចំនួន ១៤៦៩គ្រឿង, ដោះរៀនខាងក្រោយរថយន្តចំនួន ៩៨៤គ្រឿង ឃាត់រយន្តគ្មាន ស្លាកលេខចំនួន ២៣៨គ្រឿង ចាប់រថយន្តដឹកទំនិញខុសបច្ចេកទេសចំនួន ២២២៧គ្រឿង រកឃើញរថយន្តដាក់ភ្លើងខុសបច្ចេកទេសចំនួន ៧៧គ្រឿង រថយន្តគ្មានឯកសារត្រឹមត្រូវចំនួន ១៩៥៩គ្រឿង និងរថយន្តចំនួន ៨គ្រឿង គ្មានស្លាកលេខ។

ចំណែកឯអ្នកបើកបរចំនួន ៣៨៩គ្រឿង រកឃើញថា គ្មានប័ណ្ណបើកបរ និងអ្នកបើកបរចំនួន ៦៦០នាក់ ប្រើប្រាស់ប័ណ្ណបើកបរខុស ប្រភេទរថយន្ត។

ឯកឧត្តម វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្នុងយុទ្ធនាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តនេះ បើទោះបីជាមានការខិតខំយកចិត្តទុកដាក់ពីមន្ត្រីជំនាញពាក់ព័ន្ធក៏ដោយ ក៏ប៉ុន្តែសកម្មភាពរថយន្តល្មើសនៅតែកើតមាន ដែលប្រៀបដូចវែកចកដូច្នោះដែរ ដោយហេតុថា ការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ធ្វើតែនៅតាមផ្លូវធំៗប៉ុណ្ណោះ ដូច្នេះធ្វើឲ្យរថយន្តល្មើសមួយចំនួនគេចទៅតាមផ្លូវតូចៗវិញ ដែលធ្វើឲ្យ លំបាកក្នុងការធ្វើប្រតិបត្តិការបង្ក្រាប។ ម៉្យាងទៀតដោយសារតែខ្វះការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និងការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ។

កាលពីខែកុម្ភៈ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធនាការបង្ក្រាបរថយន្តទាំងឡាយណាដែលតទ្រុងខុសលក្ខណៈបច្ចេកទេសនិងដឹកលើសទម្ងន់ នឹងត្រូវឃាត់ទុកដោយមិនលើកលែងឡើយ ។

សម្តេចតេជោបញ្ជាក់ថា រថយន្តល្មើសទាំងនោះបានបំផ្លាញអាយុជីវិតមនុស្ស និងបំផ្លាញផ្លូវថ្នល់ដែលរដ្ឋាភិបាលរកលុយទាំងលំបាក លុយខ្លួនឯងផង លុយខ្ចីគេផង ដើម្បីយកមកធ្វើផ្លូវ ប៉ុន្តែត្រូវបានបំផ្លាញដើម្បីចំណេញក្រុមហ៊ុនដឹកញ្ជូនមួយចំនួនទាំងនោះទៅវិញ។

​កាលពីឆ្នាំ​២០១៧​កន្លងមកនេះ រាជរដ្ឋាភិបាល​បាន​ត្រួតពិនិត្យ​រថយន្ត​ធ្វើ​ចរាចរណ៍​ចំនួន ៩២ម៉ឺន ៣៦៥៧​គ្រឿង ក្នុងនោះ រថយន្ត ២៩៥៣​គ្រឿង ដឹក​លើស​ទម្ងន់​ចាប់ពី ៤​តោន រហូតដល់ ៤៣​តោន និង​បាន​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៥៧៧៨លាន​រៀល​ផងដែរ​៕



អត្ថបទ ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation