ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ឧបត្ថម្ភអង្ករចំនួន១០០តោន ដល់សាលារាជធានីភ្នំពេញ ដើម្បីចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

image

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ទទួលបាននូវការឧបត្ថម្ភអង្ករ ចំនួន១០០តោនពីអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់។ នេះបើយោងតាមការបញ្ជាក់ពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

អង្ករទាំង១០០តោននេះ សាលារាជធានីភ្នំពេញ នឹងយកទៅប្រើសម្រាប់ចែកជូនបន្ដដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ខណ្ឌដង្កោ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមថ្លែងយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភ សម្រាប់ជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យមនុស្ស៣៩នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋជាង៥៣ម៉ឺននាក់៕



ព័ត៌មានទាក់ទង...