ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនឹងចំណាយ ១៦០លានដុល្លារ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋចំនួន ១លានកន្លែង នៅជនបទ

image

អត្ថបទ៖ សៀម ប៊ុនធី  

បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលសម្រេចបង្កើនការចំណាយថវិកាជាតិសម្រាប់ឆ្នាំ ២០២១ នៃកញ្ចប់ថវិកាពលកម្មពីទំហំទឹកប្រាក់ ១០០លានដុល្លារ រហូតដល់ ១៦០លានដុល្លារ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលប៉ាន់ស្មានថា នឹងបង្កើតបានប្រមាណ ១លានកន្លែង តាមរយៈគម្រោងអភិវឌ្ឍន៍ជនបទនានារបស់រាជរដ្ឋាភិបាល ដែលជាគោលដៅស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងការលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ និងគ្រោះទឹកជនន់។

ការថ្លែងរបស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលដែលសម្តេចអញ្ជើញចុះសួរសុខទុកប្រពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៤ខែតុលា ឆ្នាំ ២០២០នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរបស់យើង សម្រាប់ការងារធ្វើ និងប្រាក់ចំណូល នៅជនបទ រាជរដ្ឋាភិបាល បានដាក់បញ្ចូលទៅក្នុងថវិកាសម្រាប់ឆ្នាំក្រោយនេះ ដោយថវិកាសម្រាប់ពលកម្ម ដូចជា ការធ្វើប្រឡាយទឹក និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមមូលដ្ឋាន ជាដើម។

សម្តេចតេជោ បានលើកឡើងថា គម្រោងចំណាយរបស់រាជរដ្ឋាភិបាលនេះ ប្រជាពលរដ្ឋនៅតាមជនបទមិនត្រឹមតែទទួលបានប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួនសម្រាប់ប្រើប្រាស់នោះទេ ប៉ុន្តែពួកគាត់ក៏នឹងទទួលបានមកវិញនូវប្រាក់កម្រៃទៅតាមតម្លៃទីផ្សារផងដែរ ក្នុងពេលពួកគាត់ចូលរួមធ្វើការងារនៅក្នុងគម្រោងទាំងនោះ។

សម្តេចតេជោ បានបញ្ជាក់ថា៖ «ម្សិលមិញខ្ញុំបានចង្អុលទិសឲ្យទម្លាក់សាច់ប្រាក់នេះ ទៅកាន់តំបន់ដែលប្រឈមរងគ្រោះនានា ដែលយើងប៉ាន់ប្រមាណថា ១៦០លានដុល្លារ អាចនឹងដោះស្រាយការងារបាន ១លានកន្លែង ដើម្បីទទួលយកនូវប្រាក់នេះ ដែលវាស្ថិតនៅក្នុងដំណាក់កាលអន្តរកាលមួយ ម្ខាងគឺបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធនៅជនបទ បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើងនៅជនបទ ដែលជាកសិករ និងម្ខាងទៀត គឺដើម្បីទទួលបាននូវប្រាក់កម្រៃ ដូច្នេះយើងមានការងារធ្វើនៅជនបទ ១លានកន្លែង ដែលមិនមែនគ្រាន់តែខេត្តបន្ទាយមានជ័យមួយទេ គឺនៅទូទាំងប្រទេស»។

ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ទោះបីជារាជរដ្ឋាភិបាលបង្កើនការចំណាយសម្រាប់កញ្ចប់ថវិកាបង្កើតការងារនៅជនបទក៏ដោយ ប៉ុន្តែសម្រាប់ការផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ជាង ៦០ម៉ឺនគ្រួសារ ដែលស្មើនឹងជាង ៣លាននាក់ នឹងនៅតែបន្តធ្វើដដែលរហូតដល់ដំណាច់ឆ្នាំ ២០២០នេះ ជាមួយការចំណាយ ប្រហែល ៣០លានដុល្លារក្នុងខែៗ។

តាមសម្តេចតេជោ ហ៊ុន សែន ម្សិលមិញនេះគណៈរដ្ឋមន្ត្រី បានអនុម័តច្បាប់ថវិកាហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ បានគិតគូរយ៉ាងម៉ត់ហ្មត់នូវបញ្ហាដែលយើងបានប្រឈមនាពេលខាងមុខ ទាំងកូវីដ១៩ និងការស្តារឡើងវិញនូវជីវភាពរបស់ប្រជាជននៅក្រោយទឹកជំនន់ និងដំណើរការក្រោយក្នុងដំណាក់កាលកូវីដ១៩ ដោយប្រសិទ្ធនាមថា «ថវិកាប្រើប្រាស់ប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពប្រជាជន ព្រមទាំងតម្រង់ធនធានទៅរកការស្តារ និងជំរុញកណើនសេដ្ឋកិច្ចឡើងវិញនៅពេលក្រោយវិបត្តិជំងឺកូវីដ១៩»៕

ព័ត៌មានទាក់ទង...