ព័ត៌មានជាតិ

ជនជាតិចិន ២នាក់ បានរងរបួស ក្នុងហេតុការណ៍បាញ់រះមួយ កើតឡើងនៅក្រុងព្រះសីហនុ

image

អត្ថបទ៖ ប៉ៃ សុឃីម
ព្រះសីហនុ៖ មានការបាញ់រះមួយ កើតឡើងនៅក្រុងព្រះសីហនុ កាលពីយប់រំលងអធ្រាត្រ ឆ្លង ចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ដោយសមត្ថកិច្ច បានអះអាងថា ជាករណីប៉ុនប៉ងមនុស្សឃាត បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្ដមសេនីយ៍ទោ ជួន ណា រិន្ទ ស្នងការខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួន បានជនសង្ស័យ ពាក់ពន្ធ័ ចំនួន ៤នាក់។ ចំណែក ជនរងគ្រោះ ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

សមត្ថកិច្ច បញ្ជាក់ថា ជនល្មើស បានជិះរថយន្ត ហាំមើ ស្លាកលេខ 2BI-7260 ភ្នំពេញ បានបាញ់រះ ដោយ អាវុធខ្លី ចូលហាងចាក់សាក់មួយកន្លែង ស្ថិតនៅចំណុចមហោស្រពចាស់ ក្រុមទី៤ ភូមិ ២ សង្កាត់២ ក្រុងព្រះសីហនុ បណ្តាលឲ្យរបួស បុរសជនជាតិចិន ២នាក់ (ម្នាក់របួសដៃ និងម្នាក់ទៀតរបួសជើង)។

វត្ថុតាងដកហូត បានរួមមាន៖ -អាវុធខ្លី ១ដើម ម៉ាក CZ-75 ( លេខ រលុប ), បង់ ១ និង គ្រាប់កាំភ្លើង ចំនួន ២០គ្រាប់។ – សំបកកាទុស ១០សំបក – រថយន្ដហាំមើ ស្លាកលេខ 2BI-7260 ភ្នំពេញ ១គ្រឿង។ ចំពោះ អាវុធខ្លី ១ដើម ម៉ាក CZ-75 (លេខរលុប) ដែលជនសង្ស័យយកធ្វើ សកម្មភាព ជនសង្ស័យ សារភាពប្រាប់នគរបាលថា បានទិញពីបុរសជនជាតិខ្មែរម្នាក់ មិនស្គាល់ អត្តសញ្ញាណ (នគរបាលកំពុងស្រាវជ្រាវរក) ក្នុងតម្លៃ ២,៨០០ដុល្លារ។

បច្ចុប្បន្ន ជនល្មើស និង វត្ថុតាង សមត្ថកិច្ចកំពុងសាកសួរបន្តតាមនិតិវិធី កសាងសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ ៕

ព័ត៌មានទាក់ទង...