ព័ត៌មានជាតិ

សមត្ថកិច្ចអះអាងថា ក្រពើដែលស្លាប់នៅខេត្តសៀមរាបមិនមែនជាក្រពើរួចចេញពីទ្រុងទេ តែជាក្រពើដែលងាប់ស្រាប់

image

ភ្នំពេញ៖ ករណីប្រទះឃើញសត្វក្រពេី ១ក្បាលងាប់នៅក្បែរមាត់លូ ចំណុចភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ដែលបង្ហោះលើបណ្តាញសង្គមនោះ មិនមែនជាក្រពើរួចចេញពីទ្រុងទេ តែជាក្រពើដែលងាប់ស្រាប់ ដែលម្ចាស់ទុកចោលបានអណ្តែតតាមទឹកស្របពេលមានទឹកជំនន់កើតឡើង។

ពាក់ព័ន្ធករណីខាងលើ យោងតាមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងថា ក្រោយពីបានដឹងដំណឹងនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវ ស្វែងរកពីប្រភពដែលសត្វក្រពើ១ក្បាលនោះងាប់បានដឹងថា សត្វក្រពើ ១ក្បាលនោះ ជារបស់ឈ្មោះ សយ សារ៉ន ភេទប្រុស នៅភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលបានខាំគ្នាងាប់ក្នុងអាងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយម្ចាស់បានយកក្រពើដែលងាប់នោះ លើកចេញពីអាងមកដាក់ចោលលើគ្រែខាងក្រៅ។ ក្រោយមកមានជំនន់ទឹកភ្លៀង បណ្តាលឱ្យទឹកហូរលិចគ្រែអណ្តែតសាកសពក្រពើ មិនដឹងជាទៅទីណា។

រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ទេីបមានប្រជាពលរដ្ឋប្រទះឃើញ សពក្រពេីអណ្តែតនៅជាប់មាត់លូ ហើយបានថតបង្ហោះលើបណ្តាញសង្គម បង្កការភ្ញាក់ផ្អើល។ ករណីនេះ សមត្ថកិច្ចក៏បានធ្វើការណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពេីឱ្យមានការអនាម័យ និងកុំធ្វេសប្រហែសដូចនេះទៀត៕


ព័ត៌មានទាក់ទង...