​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារចុះជួយខេត្តរតនគិរីអំពាវនាវកុំឲ្យពលរដ្ឋជឿតាមការញុះញង់ក្រុមអគតិ និងត្រៀមខ្លួនចូលរួមបោះឆ្នោតខាងមុខ
| ព័ត៌មានជាតិ
SHARE

(ខេត្តរតនគិរី)៖ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តរតនគិរី ​បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត សូមមេត្តាពិចារណាឲ្យបានត្រឹមត្រូវ ដោយកុំជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួន និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

ការលើកឡើងដូចនេះរបស់ ឯកឧត្តម លី ធុជ គឺបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម រួមទាំងក្រុមការងារ បានចុះដល់លំនៅស្ថានដើម្បីសាកសួរសុខទុក្ខ និងពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ឲ្យត្រៀមលក្ខណៈ និងឯកសារពាក់ព័ន្ធទាំងឡាយណាដែលបម្រើឲ្យការបោះឆ្នោត ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ។

ថ្លែងក្នុងឱកាសនោះទៀតដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានបង្ហាញ និងប្រាប់ពីរបៀបគូសសន្លឹកឆ្នោត និងបានប្រាប់បងប្អូនប្រជាពលរដ្ឋ គូសឲ្យចំ លេខរៀងទី២០ ដែលជាគណបក្សតែមួយគត់ ដែលផ្តល់សេចក្តីសុខ សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍភូមិឃុំរបស់យើងទាំងអស់គ្នា។

ជាមួយគ្នានោះ ប្រធានក្រុមការងារចុះជួយខេត្តរតនគិរីរូបនេះ ក៏បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្នុងមួយអាណត្តិទៅមួយអាណត្តិ ពិតជាបានខិតខំកំណែទម្រង់ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យដូចនាពេលបច្ចុប្បន្ននេះ។

ជាក់ស្តែង បច្ចុប្បន្ននេះ ខេត្តរតនគិរី មានការអភិវឌ្ឍខ្លាំងណាស់ទាំងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ​កៅស៊ូងាយស្រួលធ្វើ​ដំណើរ​ មានប្រព័ន្ធធារាសាស្ត្រ ទំនប់ ប្រឡាយ តូច ធំ បម្រើដល់វិស័យកសិកម្ម ញាំងឲ្យជីវភាព​របស់ប្រជាពលរដ្ឋ មានផ្ទះសម្បែងធំៗ​ជាច្រើន មាន​អគ្គិសនី និងប្រព័ន្ធទឹកស្អាតប្រើប្រាស់ មានសាលារៀន មន្ទីរ​ពេទ្យ វត្ត​អារាម ដែលបាន​និង​កំពុង​​សាង​សង់ជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត រួមទាំងប្រធានក្រុម​ការងារ​ចុះ​ជួយខេត្ត ព្រម​ទាំងស​ប្បុរសជននានា បានធ្វើឲ្យជីវភាព​រស់នៅរបស់ពួកគាត់ពីមួយថ្ងៃ ទៅមួយថ្ងៃ ​កាន់​តែល្អប្រសើរ​។  ​​សមិទ្ធផលខាងលើ​នេះ សុទ្ធតែកើតឡើងពីបាតដៃរបស់គណបក្សប្រជាជនកម្ពុជា គឺមិនមែនកើតឡើង​ពីអ្នក​ចាំ​តែ​ថានោះទេ៕ (អត្ថបទ៖ ប៉េស សារី)




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation