រដ្ឋបាលនិងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបើកកិច្ចប្រជុំបន្ទាន់រកដំណោះស្រាយជុំវិញតម្លៃពោតក្រហមធ្លាក់ចុះខ្លាំង
| ព័ត៌មានជាតិ
SHARE

(បាត់ដំបង)៖ រដ្ឋបាលខេត្ត រួមជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងនិងម្ចាស់សៃឡូ អាជីវករប្រមូលទិញកសិផលកសិកម្ម មកពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក កំរៀង នៅតំបន់ព្រំដែនកម្ពុជា-ថៃ នៃខេត្តបាត់ដំបង បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីស្វែងរកដំណោះស្រាយតម្លៃពោតក្រហម ដែលកំពុងតែធ្លាក់ថ្លៃខ្លាំង ពី៥បាទជាង មកនៅត្រឹម៣បាទជាងប៉ុណ្ណោះ បង្កឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកជាប់ព្រំដែនត្រូវប្រឈមនឹងហានិភ័យនៃការខាតបង់ថ្លៃដើមផលិត ។


ម្ចាស់សៃឡូនិងអាជីវករប្រមូលទិញពោត បានឲ្យដឹងថា ការលំបាកក្នុងការប្រមូលទិញគ្រាប់ពោតរបស់កសិករកន្លងមក ដោយពួកគាត់ខ្លះកាច់ពោតទុំ ខ្លះទៀតបង្ខំកាច់ពោតនៅខ្ចី ស្ទើរចាស់ មិនគ្រប់អាយុ យកមកលក់ឱ្យសៃឡូ បង្ខំយកលុយទៅដាំថ្មីម្តងទៀតឱ្យបាន២ដងក្នុងមួយឆ្នាំ ជាមូលហេតុនាំឱ្យពោតនោះមានតម្លៃទាប ហើយចំពោះការនាំចេញរបស់អាជីវករវិញត្រូវឈ្មួញថៃ បង្អាប់ឱ្យតម្លៃទាបដែរ។ហើយការធ្លាក់ថ្លៃបែបនេះប្រជាកសិករបានបង្ហាញនូវក្តីបារម្ភខ្លាចមិនមានគេទិញពោតគាត់ថែមទៀតផង រឹតតែបង្កនូវការលំបាកខ្លាំងមែនទែន ។


លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានបញ្ជាក់ថា ដើម្បីពង្រឹងទីផ្សារពោតបានរឹងមាំទៅថ្ងៃអនាគត កសិករដាំពោតទាំងអស់ត្រូវរៀបចំចងក្រងជាសហគមន៍ ឱ្យបានច្បាស់លាស់ មានអ្នកទទួលខុសត្រូវសម្រាប់សម្របសម្រួល ក្នុងការប្រមូលទិញពោត ពីកសិករបានងាយស្រួល ពិសេសពោតត្រូវមានគុណភាព ដោយដាក់ថ្លៃកំណត់ឱ្យច្បាស់លាស់ សហគមន៍ណាលក់មុន ឬក្រោយកុំឱ្យជាន់ថ្ងៃគ្នា និងមានសណ្តាប់ធ្នាប់ល្អធ្វើឱ្យកសិផលមានតម្លៃខ្ពស់ ។


ក្នុងកិច្ច្ចប្រជុំនោះ ដើម្បីសម្រួលដល់តម្លៃពោតបានល្អនាពេលនេះ ខាងក្រុមហ៊ុនបៃតងកម្ពុជា ធានារ៉ាប់រងខាងឡសម្ងួត រីឯអាជីវករប្រមូលទិញគ្រាប់ពោត ជាអ្នកធានាទិញ រក្សាទុកលក់បន្ត ដើម្បីរកទីផ្សារឱ្យប្រជាកសិករ។


អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា ក្រុមការងារនឹងចុះទៅសិក្សាពីទីផ្សារពោតរបស់កសិករ ព្រមទាំងធ្វើការរៀបចំចងក្រងក្រុមកសិករជាសហគមន៍ ហើយរដ្ឋបាលខេត្តបាត់ដំបង រួមជាមួយមន្ទីរពាក់ព័ន្ធនឹងខិតខំស្វែងរកដំណោះស្រាយជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ គឺនាំគ្នាដោះស្រាយទីផ្សារកសិផលជូនប្រជាពលរដ្ឋយើងឱ្យបានទទួលជោគជ័យនាពេលអនាគតផងដែរ ។


តាមរយៈនៃកិច្ចប្រជុំនេះដែរ ក៏មានការអំពាវនាវដល់ប្រជាកសិករទាំងអស់ សូមមេត្តាឈប់កាច់ពោតមិនទាន់ទុំល្អលក់ក្នុងសំណើមលើសពី៣០ ព្រោះពោតដែលទុំស្ទើរ ដែលប្រជាកសិករកាច់លក់នោះ គឺលក់មិនបានថ្លៃទេ ដូចនេះមេត្តារង់ចាំពោតទុំល្អសំណើម៣០ចុះទើបតម្លៃពោតបានថ្លៃល្អ ៕  (អត្ថបទ៖ ឡាច​ សុគន្ធារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation