មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរពិនិត្យលើការងារចែកអំណោយជូនប្រជាពលរដ្ឋឱ្យចំគោលដៅ
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា  

ព្រៃវែង៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរុញដល់កម្លាំងសមត្ថកិច្ច ជាពិសេសអាជ្ញាធរក្នុង មូលដ្ឋាន ត្រូវតាមដានយកចិត្តទុកដាក់ពិនិត្យលើការងារចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបានចំគោលដៅ ចៀសវាងការផ្តល់ជូនតែចំពោះគ្រួសារសាច់ញាតិរបស់ខ្លួន។   

ការលើកឡើងរបស់ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំ មេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង បានធ្វើឡើងនៅព្រឹកថ្ងៃទី ១៨តុលានេះ ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះច្រើនរយគ្រួសារ នៅឃុំមេសរប្រចាន់ ស្រុកពារាំង។ 

លោកបានថ្លែងដាស់តៀនដល់ ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន ពិសេសមន្ត្រីក្រុមការងារចែកអំណោយ  ត្រូវតែពិនិត្យដោយយកចិត្តទុកដាក់នូវប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះពិតប្រាកដ ដែលកំពុងត្រូវការជំនួយ។ 

លោកក៏បានលើកឡើងផងដែរថា កន្លងមកធ្លាប់មានការរិះគន់នូវការផ្តល់ជូនអំណោយដល់តែញាតិសន្តាន និងអ្នករងគ្រោះដែលត្រូវការជំនួយនៅតែមិនទទួលបាន។ ក្នុងនោះលោកក៏បានលើកឡើងដាស់តឿនលើករណីផ្តល់ជូននូវបណ្ណសមធម៌ដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។

ក្នុងពិធីចែកអំណោយ លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រៅពីជំរុញការយកចិត្តទុកដាក់ការចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះឱ្យចំគោលដៅ បើទោះបីនៅភូមិសាស្ត្រក្នុងខេត្តព្រៃវែង មិនទាន់មានការលិចលង់ក្នុងកម្រិតធ្ងន់ធ្ងរណាមួយក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំក្នុងមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទំាងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេច នូវសម្ភារផ្សេងៗសម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍ជន់លិចណាមួយជាយថាហេតុ។

គួរបញ្ជាក់ថា អំណោយដែលនាំយកមកប្រគល់ជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ មី១កេស ទឹកសុទ្ធ២យួរ និងថ្នាំពេទ្យ១ប្រអប់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation