សម្តេចតេជោ៖ ទន្ទឹមការរីកចម្រើន នៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏មានក្តីព្រួយបារម្ភ ពីការបាត់បង់ការងារធ្វើរបស់មនុស្ស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភ ចំពោះការរីកចម្រើន ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលការរីកចម្រើនយ៉ាងលឿននេះ ក៏ក្រៅពីផ្តល់អត្ថប្រយោជន៍ជាច្រើននោះ ក៏បាននាំមកនូវវិបត្តិ នៃការបាត់បង់ការងារធ្វើ របស់មនុស្សផងដែរ ព្រោះបច្ចុប្បន្ន ក្រុមហ៊ុនឧស្សាហកម្មជឿនលឿន បានឈានដល់ការប្រើប្រាស់មនុស្សយន្ត ជំនួសមនុស្ស ដែលចំណុចនេះ ទាមទារឲ្យមានការគិតទុកជាមុន។

សម្តេចតេជោ បានបញ្ជាក់ថា មានបុគ្គលិកជាច្រើន ត្រូវបានកាត់ចេញពីការងារ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ បានយកមនុស្សយន្ត មកជំនួសតំណែងរបស់មនុស្ស។ ជាក់ស្តែង ភោជនីយដ្ឋាននៅបរទេសមួយចំនួន បានប្រើប្រាស់មនុស្សយន្ត មកបម្រើអាហារជូនភ្ញៀវ ជំនួសមនុស្សវិញ។

ការបង្ហាញពីក្តីកង្វល់នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែមីនានេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា»។


សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដែរថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានរួមចំណែកដល់ការកាត់បន្ថយ នូវការប្រាស្រ័យ ដោយផ្ទាល់, ការរស់នៅមានលក្ខណៈឯករាជ្យ, ម្ចាស់ការ និងបានកែប្រែទម្លាប់ និងប្រពៃណីយ៍ នៃការរស់នៅមួយចំនួន របស់ប្រជាជន ដែលនឹងបង្កើតឡើង នូវសង្គមថ្មីមួយ ដែលត្រូវបានហៅឈ្មោះថា សង្គមឌីជីថល។

សូមជម្រាបថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការជាដៃគូរវាង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារ ANZ Royal នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភោគីត្រា។ សន្និសីទនេះ មានការចូលរួមពីសំណាក់វាគ្មិន និងភ្ញៀវជាតិ-អន្តរជាតិ ប្រមាណ៤០០នាក់ ជាអ្នកដឹកនាំមកពីស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន សហគមន៍សិក្សាស្រាវជ្រាវ និងសង្គមស៊ីវិលផងដែរ៕

ដោយ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation