មន្ត្រីនគរបាលត្រូវតែមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បម្រើការងារជូនប្រជាជន និងសង្គមជាតិ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអស់រយៈពេល២ខែនៅសាលានគរបាលជាតិភូមិភាគ២ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន៩៩នាក់ មកពីខេត្តចំនួន៤ ដូចជាខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម បានទួលជោគជ័យ និងបានបិតវគ្គបណ្តុះបណ្តាលនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អ៊ុក សារ៉ាយ នាយកសាលានគរបាលជាតិភូមិភាគ២ ។


មានប្រសាសន៍នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី អ៊ុក សារ៉ាយ បានលើកឡើងថា ការអប់រំបណ្តុះបណ្តាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងការកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ក្នុងន័យនេះគ្រឹះស្ថានសិក្សាគឺជារោងចក្រកែឆ្នៃមនុស្សឲ្យមានតម្លៃ និងមានប្រយោជន៍ដល់គ្រួសារ ក៏ដូចជាសង្គមជាតិ។

ការងារបណ្តុះបណ្តាលដើម្បីបង្កើនចំនេះដឹង និងពង្រឹងសមត្ថភាពគឺជាការងារដែលត្រូវធ្វើគ្មានទីបញ្ចប់ ពោលគឺបុគ្គលម្នាក់ៗ ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងបន្តការសិក្សា ឬបំប៉នជំនាញបន្ថែម ដើម្បីទទួលបានបទពិសោធន៍ និងចំនេះដឹងថ្មីៗបន្ថែមទៀតស្របតាមការវិវឌ្ឍន៍របស់សង្គមជាតិ និងវិទ្យាសាស្ត្រ មានន័យថាការធ្វើបច្ចុប្បន្នភាពនៃចំនេះដឹងជាកត្តាចាំបាច់ ដើម្បីធានាបាននូវប្រសិទ្ធិភាពការងារ និងភាពជោគជ័យរបស់អង្គភាព។


លោកបន្តថា ការងារបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺជាការងារចាំបាច់ដែត្រូវបន្តធ្វើជាប្រចាំក្នុងគោលដៅធ្វើឲ្យកងកម្លាំងនគរបាលជាតិមានចំនេះដឹងគ្រប់គ្រាន់ លើផ្នែកទ្រឹស្តី ជំនាញបច្ចេកទេស អាកប្បកិរិយាល្អ ក្នុងការរួមចំណែករក្សាបានខឿនសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គមល្អដែលជាមូលដ្ឋានគ្រឹៈនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំនែទម្រង់របស់រាជរដ្ឋាភិបាលជាពិសេសធ្វើឲ្យសម្រេចនូវគោលបំណងនៃការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពិភពលោក។


ជាមួយនឹងការលើកឡើងបែបនេះលោកក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទទួលជ័យលាភីទាំងអស់ត្រូវយកចំនេះដឹង និងជំនាញ ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាព និងប្រជាពលរដ្ឋ ត្រូវគោរពក្រមសិលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ និងមានភាពស្មោះត្រង់ចំពោះអង្គភាព និងប្រទេសជាតិ។ ត្រូវមានអាកប្បកិរិយា និងឥរិយាបទល្អជានិច្ចក្នុងពេលបំពេញការងារ។
ត្រូវធ្វើស្វ័យសិក្សា ឬបន្តការសិក្សាជានិច្ច ដើម្បីស្វែងយល់លើការងារជំនាញនានាដែលទទួលខុសត្រូ ក្នុងអង្គភាពនគរបាល ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងឯកសារនានាដែលខ្លួនទទួលខុសត្រូវ ។


បើតាមរបាយការរបស់លោកវរសេនីយ៍ ឯក ស៊ាង ប៊ុនឡេង នាយករងសាលានគរបាលជាតិភូមិភាគ២ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ សាលានគរបាលជាតិភូមិភាគ២នៃបណ្ឌិត្យសភានគរបាលកម្ពុជាបានបណ្តុះបណ្តាលសិក្ខាកាមដែលជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ/សង្កាត់មកពីស្នងការដ្ឋាននគរបាលខេតនតចំនួន៤ មានដូចជា កំពង់ចាម ចំនួន៣០នាក់ , ខេត្តត្បូងឃ្មុំចំនួន២០នាក់ ខេត្តព្រៃវែងចំនួន២៥នាក់ និងខេត្តស្វាយរៀងចំនួន២៥ នាក់។ ជាលទ្ធផលសិក្ខាកាមជ័យលាភីសរ៉ុបចំនួន ៩៩នាក់ដែលទទួលបានវិញ្ញាបនបត្រ ។



អត្ថបទ ៖​ សេង ឡុង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation