ព័ត៌មានជាតិ

បុរសម្នាក់ យកសំបកដប​គប់​កញ្ចក់រថយន្តគេ​បែក ត្រូវប៉ូលីសចាប់វ៉ៃខ្នោះបញ្ជូនទៅតុលាការខេត្តបាត់ដំបង

image

បាត់ដំបង​៖ បុរសម្នាក់ បានទាញ​សំបកដបទឹកក្រូច​ស្ទាក់​គប់កញ្ចក់​រថយន្តអ្នកធ្វើដំណើរតាមផ្លូវបណ្តាលឱ្យបែកកញ្ចក់​ខាងក្រោយ តែត្រូវប៉ូលីសចាប់វ៉ៃខ្នោះបញ្ជូនទៅតុលាការ។ ករណីនេះបានកើតឡើង នៅ​លើ​ដងផ្លូវ​មួយ​កន្លែង ក្នុងភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

យោងតាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជន​ដៃដល់​ឈ្មោះ សៀង សំ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៣ សង្កាត់​រតន​: ក្រុង​បាត់ដំបង​។ ម្ចាស់​រថយន្ត​​បាន​ប្រាប់​សមត្ថ​កិ​ច្ចថា បាន​ធ្វើ​ដំណើរ​​មក​ពី​លេង​ផ្ទះ​បងប្អូន លុះ​បើក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​គេ​លួច​គប់​រថយន្ត​គាត់​ចំ​កញ្ចក់​ខាងក្រោយ​លាន់​ដូច​គ្រាប់កាំភ្លើង។ បន្ទាប់​ពី​ដឹង​ថា មាន​គេ​លួច​គប់​រថយន្ត គាត់​ក៏​បើក​ហួស​បន្តិច​ឈប់​មើល ក៏​ឃើញ​រថយន្ត​បែក​កញ្ចក់​ខាងក្រោយ​ទើប​ផ្អើល​ឆោឡោ និង​មាន​ពល​រដ្ឋ​រាយ​ការ​ណ៍​ទៅ​សមត្ថកិច្ច​ចុះ​អន្តរា​គម​ន៍ រ​ហូត​ចាប់​ជន​ដៃដល់​បាន​ភ្លាម​ៗ​។

ជនល្មើសឈ្មោះ សៀង សំ បាននិយាយប្រាប់សមត្ថកិច្ចថា មូលហេតុ​ដែល​ខ្លួន​ទាញ​ដប​ទឹកក្រូច​គប់​ទៅលើរថយន្ត​គេ ដោយសារ​តែរថយន្ត​នោះ​បើកលឿន​ពេក​។ ទោះយ៉ាងនេះក៏ដោយសមត្ថកិច្ចបាន​បញ្ជាក់​ថា បើ​តាម​ប្រវត្តិកន្លង​មក​ជន​ឈ្មោះ សៀង សំ ​ធ្លាប់​ពួន​ស្ទាក់​គប់​រថយន្ត​គេ​ម្ដង​ហើយ ​នេះជា​ការ​គប់​លើក​ទី​២​។ ប៉ុន្តែ​បើ​តាម​អ្នក​ភូមិ​ដែល​ស្គាល់​សាវតា​ជន​នោះបានប្រាប់ថាជា​មនុស្ស​សេព​គ្រឿងញៀន​។

ទោះយ៉ាងណា​ក៏​ដោយការ​ឃាត់ខ្លួន​ជន​ល្មើសនេះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ដប​ទឹកក្រូច​ចំនួន​​២ ដែល​ជា​វត្ថុ​តាង​។ ដោយ​យោង​គោល​ការ​ណ៍​លោកស្នងការ​ខេត្តបាត់ដំបង និងមានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​ផង​ បច្ចុប្បន្ន​ការិ​យាល័យ​ជំនាញ​កំពុងកសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបងចាត់​ការ​​តាម​​នីតិវិធី​ហើយ​៕